លោកនេត(Nate) និងអ្នកស្រីសឺរីលីន(Sherilyn) មានចិត្តសប្បាយរីករាយ ពេលដែលបានឈប់ឡានតាមផ្លូវ ដើម្បីចូលញាំអាហារ នៅក្នុងភោជនីយដ្ឋាន អូម៉ាកាសេ ក្នុងដំណើរកំសាន្តនៅទីក្រុងញូយ៉ក។ អូម៉ាកាសេ ជាពាក្យមួយក្នុងភាសាជប៉ុនប្រែមកថា “ស្រេចតែលើអ្នក” បានសេចក្តីថា នៅភោជនីយដ្ឋានប្រភេទនេះ ភ្ញៀវឲ្យចុងភៅជ្រើសរើសមុខម្ហូបឲ្យខ្លួន។ នេះជាលើកទីមួយហើយ ដែលពួកគេបានសាកល្បងមុខម្ហូបនោះ ហើយហាក់ដូចជាប្រថុយបន្តិច តែទោះជាយ៉ាងណាក៏ដោយ ពួកគេចូលចិត្តអាហារដែលចុងភៅបានជ្រើសរើស និងចម្អិនឲ្យពួកគេ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអាកប្បកិរិយា ដែលយើងត្រូវមាន ពេលដែលយើងចូលទៅចំពោះព្រះ ដើម្បីទូលសូមអ្វីមួយ។ យើងត្រូវមានចិត្តមួយ ដែលចង់ឲ្យ “ព្រះទ្រង់សម្រេច តាមបំណងព្រះទ័យទ្រង់”។ ពួកសាវ័កបានឃើញព្រះយេស៊ូវ “យាងទៅទីស្ងាត់តែម្នាក់ឯង ដើម្បីអធិស្ឋាន”(លូកា ៥:១៦) ហេតុនេះហើយ ថ្ងៃមួយ ពួកគេក៏បានសូមឲ្យទ្រង់បង្រៀនពួកគេអធិស្ឋាន។ ទ្រង់ក៏បានប្រាប់ពួកគេឲ្យទូលសូមឲ្យព្រះទ្រង់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ សូមការអត់ទោសបាប និងសូមផ្លូវគេចចេញពីការល្បួង។ ហើយដែលសំខាន់បំផុតនោះ គឺទ្រង់បានឲ្យពួកគេមានផ្នត់គំនិតមួយដែលចុះចូលនឹងព្រះទ័យព្រះ ដោយទូល “សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ”(ម៉ាថាយ ៦:១០)។
យើងអាចទូលសូមព្រះទ្រង់បំពេញតម្រូវការគ្រប់យ៉ាងរបស់យើង ព្រោះទ្រង់សព្វព្រះទ័យនឹងស្តាប់យើងអធិស្ឋាន ចេញពីចិត្តយើង ហើយទ្រង់ក៏សប្បាយព្រះទ័យ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់យើងផងដែរ។ ប៉ុន្តែ ក្នុងនាមយើងជាមនុស្ស ដែលសមត្ថភាពមានកំណត់ យើងមិនតែងតែដឹងថា មានអ្វីខ្លះដែលល្អបំផុតសម្រាប់ខ្លួនឯង ហើយយើងក៏សម្រេចចិត្តខុសជាញឹកញាប់ ហេតុនេះហើយ បានជាយើងចំាបាច់ត្រូវទូលសូមដោយវិញ្ញាណដែលបន្ទាបខ្លួន ដោយការចុះចូលនឹងព្រះអង្គ។ យើងអាចសូមឲ្យព្រះទ្រង់ឆ្លើយតប តាមបំណងព្រះទ័យទ្រង់ ដោយទុកចិត្តថា ទ្រង់មានលក្ខណៈគួរឲ្យយើងទុកចិត្ត ហើយទ្រង់នឹងជ្រើសរើសអ្វី ដែលល្អសម្រាប់យើង។ —ANNE CETAS