ខ្សែភាពយន្តរឿងហ្វូរេស ហ្កាំ ជាខ្សែភាពយន្តដ៏ល្បីល្បាញនៅឆ្នាំ១៩៩៤។ ក្នុងរឿងនេះ ហ្វូរេស គឺជាតួអង្គដែលមានភាពល្បីឈ្មោះ ដោយសារគាត់ពូកែរត់។ ពីដំបូងគាត់គ្រាន់តែរត់ត្រឹកៗទៅឲ្យដល់ចុងផ្លូវម្ខាងទៀត ដើម្បីហាត់ប្រាណ។ តែក្រោយមកគាត់ចេះតែបន្តការរត់ជាច្រើនវគ្គ អស់រយៈពេល៣ឆ្នាំ ២ខែ ១៤ថ្ងៃ ១៦ម៉ោង។ រៀងរាល់ពេលគាត់បានទៅដល់គោលដៅនីមួយៗ គាត់តែងតែកំណត់គោលដៅបន្ទាប់ទៀត ហើយបន្តរត់ តាមផ្លូវក្រងិកក្រងុក ទៅដល់ចុងម្ខាងទៀតនៃទឹកដីសហរដ្ឋអាមេរិក រហូតដល់ថ្ងៃមួយ ពេលដែលគាត់មិនមានអារម្មណ៍ថា ចង់រត់ទៀត។ ការរត់នេះបានចាប់ផ្តើមតាំងពីដំបូង គឺដោយសារគាត់មានអារម្មណ៍ថា ចង់រត់។ លោកហ្វូរេសក៏បាននិយាយថា “នៅថ្ងៃនោះ ខ្ញុំក៏បានសម្រេចចិត្តរត់ ដោយគ្មានមូលហេតុច្បាស់លាស់”។
សាវ័កប៉ុលបានបង្រៀនអ្នកអានសំបុត្ររបស់គាត់ ឲ្យយកតម្រាប់តាមគាត់ ហើយ “រត់ប្រណាំងតាមបែបដែលបានរង្វាន់”(១កូរិនថូស ៩:២៤) គឺខុសពីលោកហ្វូរេស ដែលបានរត់ ដោយគ្មានមូលហេតុដ៏ជាក់លាក់ណាមួយ។ ការរត់ប្រណាំងខាងវិញ្ញាណ គឺសំដៅទៅលើរបៀបនៃការរស់នៅរបស់យើង ដែលប្រហែលជាត្រូវបដិសេធការសប្បាយមួយចំនួន ក្នុងជីវិតយើង គឺមិនខុសពីកីឡាកររត់ប្រណាំងដែលមានការលត់ដំនោះឡើយ។ ការហ៊ានលះបង់សិទ្ធិ ដែលយើងមាន នៅក្នុងការជ្រើសរើសយកការសប្បាយ អាចជួយឲ្យយើងឈោងចាប់អ្នកដទៃ ដោយការប្រកាស់ដំណឹងល្អនៃសេចក្តីសង្រ្គោះរួចពីបាប និងសេចក្តីស្លាប់។
ចូរយើងដាក់គោលដៅថា យើងនឹងអញ្ជើញអ្នកដទៃឲ្យចូលរួម នៅក្នុងការរត់ប្រណាំងខាងវិញ្ញាណជាមួយយើង ដោយដឹងថា យើងនឹងបានទទួលរង្វាន់នៅទីបំផុត ដែលជាការប្រកបអស់កល្បជានិច្ចជាមួយព្រះ តាមព្រះបន្ទូលសន្យា។ មកុដដែលព្រះទ្រង់នឹងបំពាក់ឲ្យអ្នកដែលមានជ័យជម្នះ នឹងស្ថិតស្ថេរជារៀងរហូត។ យើងនឹងឈ្នះបានមកុដនោះ ដោយការរត់ប្រណាំងខាងវិញ្ញាណ ដោយចិត្តដែលចង់ឲ្យគេស្គាល់ទ្រង់ ដោយពឹងផ្អែកលើកម្លាំងរបស់ទ្រង់។ ពេលនេះជារដូវកាលនៃការរត់ប្រណាំងហើយ។—KIRSTEN HOLMBERG