បន្ទាប់ពីសមាជិកគ្រួសារខ្ញុំម្នាក់ បានផ្លាស់ប្តូរជំនឿទៅរកសាសនាដទៃ មិត្តភក្តិរបស់ខ្ញុំដែលជាគ្រីស្ទបរិស័ទ ក៏បានជំរុញខ្ញុំ ឲ្យ “លើកទឹកចិត្ត” នាងឲ្យវិលត្រឡប់មករកព្រះយេស៊ូវវិញ។ ជាបឋម ខ្ញុំក៏បានព្យាយាមស្រឡាញ់ក្រុមគ្រួសារខ្ញុំ ដូចដែលព្រះយេស៊ូវបានស្រឡាញ់យើង នៅកន្លែងផ្សេងៗ ដោយរាប់បញ្ចូលទាំងកន្លែងសាធារណៈ ដែលនៅទីនោះ មានអ្នកខ្លះបានចងចិញ្ចើម ពេលដែលឃើញនាងមានសម្លៀកបំពាក់ “សាសន៍ដទៃ”។ អ្នកខ្លះទៀតថែមទាំងនិយាយពាក្យទ្រគោះបោះបោកមកលើនាង។ មានបុរសម្នាក់បានស្រែកដាក់នាងពីក្នុងឡានរបស់គាត់ ឲ្យនាងត្រឡប់ទៅប្រទេសនាងវិញ ដោយមិនបានដឹង ឬមិនខ្វល់សោះថា នាងកំពុងតែនៅក្នុងទឹកដីកំណើតរបស់នាងនោះទេ។
លោកម៉ូសេបានបង្រៀនប្រជាជនគាត់ ឲ្យប្រព្រឹត្តដោយចិត្តសប្បុរសជាងនេះ ចំពោះអ្នកដែលស្លៀកពាក់ ឬមានជំនឿសាសនា ខុសពីពួកគេ។ លោកម៉ូសេបានបង្រៀនក្រឹត្យវិន័យនៃភាពយុត្តិធម៌ និងសេចក្តីមេត្តាកុរណាដល់ពួកកូនចៅអ៊ីស្រាអែល ដោយបង្គាប់ពួកគេថា “កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ” (និក្ខមនំ ២២:២១)។ ក្រឹត្យវិន័យនេះបានបង្ហាញថា ព្រះទ្រង់មានព្រះទ័យទុកដាក់ ចំពោះអ្នកស្រុកក្រៅ ជនដែលងាយរងគ្រោះ ដោយសារភាពលម្អៀង និងការរំលោភសិទ្ធិ ហើយបទគម្ពីរនេះមានចែងសាឡើងវិញ នៅក្នុងបទគម្ពីរ និក្ខមនំ ២២:២១ និង លេវីវិន័យ ១៩:៣៣។
ដូចនេះ ពេលណាខ្ញុំចំណាយពេលជាមួយសមាជិកគ្រួសារម្នាក់នេះ ដែលបានដាច់ចេញពីព្រះ នៅភោជ្ជនីយដ្ឋាន នៅសួនច្បារ ដោយការដើរលេងជាមួយគ្នា ឬអង្គុយ និងជជែកជាមួយនាង នៅរានហាលមុខផ្ទះ ខ្ញុំក៏បានព្យាយាមបង្ហាញសេចក្តីសប្បុរស និងការគោរព ដូចដែលខ្លួនខ្ញុំចង់ទទួលពីគេនោះដែរ។ ការព្រឹត្តដូចនេះ គឺស្ថិតក្នុងចំណោមវិធីដ៏ល្អបំផុត ដែលខ្ញុំអាចប្រើ ដើម្បីរំឭកនាង អំពីសេក្តីស្រឡាញ់ដ៏ផ្អែមល្ហែមរបស់ព្រះយេស៊ូវ គឺមិនត្រូវបំបាក់មុខនាង ដោយសារនាងបានបដិសេធព្រះអង្គនោះទេ តែត្រូវស្រឡាញ់នាង ដូចដែលទ្រង់បានស្រឡាញ់យើងរាល់គ្នា ដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យ។—PATRICIA RAYBON