បន្ទាប់​ពី​សមាជិក​គ្រួសារ​ខ្ញុំ​ម្នាក់ បាន​ផ្លាស់​ប្តូរ​ជំនឿ​ទៅ​រក​សាសនា​ដទៃ មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​ជា​គ្រីស្ទ​បរិស័ទ ក៏​បាន​ជំរុញ​ខ្ញុំ ឲ្យ ​“លើក​ទឹក​ចិត្ត” នាង​ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ​យេស៊ូវ​វិញ។ ជា​បឋម ខ្ញុំ​ក៏​បាន​ព្យាយាម​ស្រឡាញ់​ក្រុម​គ្រួសារ​ខ្ញុំ ដូច​ដែល​ព្រះយេស៊ូវ​បាន​ស្រឡាញ់​យើង នៅ​កន្លែង​ផ្សេង​ៗ ដោយ​រាប់​បញ្ចូល​ទាំង​កន្លែង​សាធារណៈ ដែល​នៅ​ទីនោះ មាន​អ្នក​ខ្លះ​បាន​ចង​ចិញ្ចើម ពេល​ដែល​ឃើញ​នាង​មាន​សម្លៀក​បំពាក់ “សាសន៍​ដទៃ”។ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​និយាយ​ពាក្យ​ទ្រ​គោះ​បោះ​បោក​មក​លើ​នាង។ មាន​បុរស​ម្នាក់​បាន​ស្រែក​ដាក់​នាង​ពី​ក្នុង​ឡាន​របស់​គាត់ ឲ្យ​នាង​ត្រឡប់​ទៅ​ប្រទេស​នាង​វិញ ដោយ​មិន​បាន​ដឹង ឬ​មិនខ្វល់​សោះ​ថា នាង​កំពុង​តែ​នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​នាង​នោះ​ទេ។

លោក​ម៉ូសេ​បាន​បង្រៀន​ប្រជា​ជន​គាត់ ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ជាង​នេះ ចំពោះ​អ្នក​ដែល​ស្លៀក​ពាក់ ឬ​មាន​ជំនឿ​សាសនា ខុស​ពី​ពួក​គេ។ លោក​ម៉ូសេ​បាន​បង្រៀន​ក្រឹត្យ​វិន័យ​នៃ​ភាព​យុត្តិធម៌ និង​សេចក្តី​មេត្តា​កុរណា​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​បង្គាប់​ពួក​គេ​ថា “កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់​សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នកប្រទេស​ក្រៅ​ដែរ” (និក្ខមនំ ២២:២១)។ ក្រឹត្យ​វិន័យ​នេះ​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក​ស្រុក​ក្រៅ  ជន​ដែល​ងាយ​រងគ្រោះ ដោយ​សារ​ភាព​លម្អៀង និង​ការ​រំលោភ​សិទ្ធិ ហើយ​បទ​គម្ពីរ​នេះ​មាន​ចែង​សា​ឡើង​វិញ នៅ​ក្នុង​បទ​គម្ពីរ និក្ខមនំ ២២:២១ និង លេវីវិន័យ ១៩:៣៣។

ដូចនេះ ពេល​ណា​ខ្ញុំ​ចំណាយ​ពេល​ជា​មួយ​សមាជិក​គ្រួសារ​ម្នាក់​នេះ ដែល​បាន​ដាច់​ចេញ​ពី​ព្រះ នៅ​ភោជ្ជនីយ​ដ្ឋាន នៅ​សួន​ច្បារ ដោយ​ការ​ដើរ​លេង​ជា​មួយ​គ្នា ឬ​អង្គុយ និង​ជជែក​ជា​មួយ​នាង នៅ​រាន​ហាល​មុខ​ផ្ទះ ខ្ញុំ​ក៏​បាន​ព្យាយាម​បង្ហាញ​សេចក្តី​សប្បុរស និង​ការ​គោរព ដូច​ដែល​ខ្លួន​ខ្ញុំ​ចង់​ទទួល​ពី​គេ​នោះ​ដែរ។ ការ​ព្រឹត្ត​ដូច​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​វិធី​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​អាច​ប្រើ ដើម្បី​រំឭក​នាង អំពី​សេក្តី​ស្រឡាញ់​ដ៏​ផ្អែម​ល្ហែម​របស់​ព្រះ​យេស៊ូវ គឺ​មិន​ត្រូវ​បំបាក់​មុខ​នាង ដោយសារ​នាង​បាន​បដិសេធ​ព្រះ​អង្គ​នោះ​ទេ តែ​ត្រូវ​ស្រឡាញ់​នាង ដូច​ដែល​ទ្រង់​បាន​ស្រឡាញ់​យើង​រាល់​គ្នា ដោយ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ។—PATRICIA RAYBON