រីពីឈីព(Reepicheep) ជា​តួអង្គ​សត្វ​កណ្តុរ​ដែល​មាន​សម្លេង​ស្រួយ ហើយ​ប្រហែល​ជា​តួអង្គ​ដែល​ក្លាហាន​បំផុត នៅ​ក្នុង​រឿង​ពង្សាវតា​នៃ​ពិភព​ណានា។ វា​បាន​សម្រុក​ចូល​ទៅ​ក្នុង​សមរភូមិ ដោយ​គ្រវីដាវ​ដ៏​តូច​របស់​វា។ វា​មិន​មាន​ការ​ភ័យ​ខ្លាច​ទាល់​តែ​សោះ​ ខណៈ​ពេល​ដែល​វា​ជិះ​សំពៅ ដន ទ្រីដឺ ឆ្ពោះ​ទៅ​រក​កោះ​នៃ​ភាព​ងងឹត។ តើ​សេចក្តី​ក្លាហាន​របស់​រីពីឈីព មាន​អាថ៌​កំបាំង​អ្វី? តាម​ពិត ក្នុង​ជម្រៅ​ចិត្ត​របស់​វា គឺ​វា​មាន​ក្តី​ប្រាថ្នា​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​របស់​សត្វ​តោ​អាស្លាន(Aslan)។ វា​ថា នោះ​ជា​អ្វី​ដែល​វាប្រាថ្នា​ខ្លាំង​បំផុត។ រីពីឈីព​ដឹង​ថា វា​ចង់​បាន​អ្វី​ពិត​ប្រាកដ ហើយ​ការ​តាំង​ចិត្ត​នេះ បាន​នាំ​វា​ទៅ​រក​ស្តេច​របស់​វា​មែន។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​លោក​បារទីមេ​ ដែល​ជា​ជន​ពិការ​ភ្នែក នៅ​ក្រុង​យេរីខូ។ ពេល​ដែល​គាត់​កំពុង​អង្គុយ​សុំ​ទាន នៅ​តាម​ផ្លូវ​ដូច​សព្វ​មួយ​ដង គាត់​ក៏​បាន​ឮ​សម្លេង​ព្រះ​យេស៊ូវ និង​ហ្វូង​មនុស្ស​ដើរ​នៅ​ក្បែរ​នោះ។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ឱ​ព្រះយេស៊ូវ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង” (ម៉ាកុស ១០:៤៧)។ ពួក​បណ្តា​ជន​ក៏​បាន​ព្យាយាម​ឃាត់​គាត់ តែ​គាត់​មិន​អាច​ឈប់​ស្រែក​ហៅ​ទ្រង់​ឡើយ។

កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ចែង​ថា នៅ​ពេល​នោះ​ ព្រះ​យេស៊ូវ​ក៏​បាន​ឈប់(ខ.៤៩)។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ស្តាប់​លោក​បារទីមេទូល​សូម​ទ្រង់ នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស។ ព្រះ​យេស៊ូវ​បាន​សួរ​គាត់​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?”(ខ.៥១)។

ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​ជ្រាប​ច្បាស់​ថា គាត់​ចង់​ឲ្យ​ទ្រង់​ធ្វើ​អ្វី​ សម្រាប់​គាត់។ ប៉ុន្តែ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​លោក​បារទីមេ បង្ហាញ​ចេញ​នូវ​បំណង​ចិត្ត​របស់​គាត់ ចេញ​ពី​ជម្រៅ​ចិត្ត​គាត់។ លោក​បារទីមេ​ក៏​បាន​ទូល​ទ្រង់​ថា “លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង”(ខ.៥១)។ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រោស​ភ្នែក​គាត់​ឲ្យ​ជា បាន​ជា​គាត់​អាច​មើល​ឃើញ​ពណ៌ សម្រស់​ធម្មជាតិ និង​មុខ​របស់​មិត្ត​សំឡាញ់​គាត់​ជា​លើក​ដំបូង​ក្នុង​ជីវិត។

យើង​មិន​តែង​តែ​អាច​សម្រេច​ក្តី​ប្រាថ្នា​ភ្លាម​ៗ​នោះ​ឡើយ(ហើយ​ក្តី​ប្រាថ្នា​នីមួយ​ៗ ត្រូវ​មាន​ការ​ផ្លាស់​ប្រែ) ប៉ុន្តែ​ ចំណុច​សំខាន់​នៅក្នុង​រឿង​នេះ​ គឺ​លោក​បារទីមេ​បាន​ដឹង​ថា ខ្លួន​គាត់​ចង់​បាន​អ្វី ហើយ​គាត់​ក៏​បាន​ទូល​សូម​ព្រះ​យេស៊ូវ ឲ្យ​សម្រេច​ក្តី​បំណង​គាត់។ បើ​យើង​គិត​ឲ្យ​បាន​ដិត​ដល់ យើង​នឹង​កត់​សំគាល់​ឃើញ​ថា ក្តី​ប្រាថ្នា​ពិត​ប្រាកដ និង​ត្រឹម​ត្រូវ​របស់​យើង តែង​តែ​នាំ​យើង​ងាក​ទៅរក​ព្រះ​អង្គ។ —WINN COLLIER