រីពីឈីព(Reepicheep) ជាតួអង្គសត្វកណ្តុរដែលមានសម្លេងស្រួយ ហើយប្រហែលជាតួអង្គដែលក្លាហានបំផុត នៅក្នុងរឿងពង្សាវតានៃពិភពណានា។ វាបានសម្រុកចូលទៅក្នុងសមរភូមិ ដោយគ្រវីដាវដ៏តូចរបស់វា។ វាមិនមានការភ័យខ្លាចទាល់តែសោះ ខណៈពេលដែលវាជិះសំពៅ ដន ទ្រីដឺ ឆ្ពោះទៅរកកោះនៃភាពងងឹត។ តើសេចក្តីក្លាហានរបស់រីពីឈីព មានអាថ៌កំបាំងអ្វី? តាមពិត ក្នុងជម្រៅចិត្តរបស់វា គឺវាមានក្តីប្រាថ្នាចង់ធ្វើដំណើរទៅប្រទេសរបស់សត្វតោអាស្លាន(Aslan)។ វាថា នោះជាអ្វីដែលវាប្រាថ្នាខ្លាំងបំផុត។ រីពីឈីពដឹងថា វាចង់បានអ្វីពិតប្រាកដ ហើយការតាំងចិត្តនេះ បាននាំវាទៅរកស្តេចរបស់វាមែន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាអំពីលោកបារទីមេ ដែលជាជនពិការភ្នែក នៅក្រុងយេរីខូ។ ពេលដែលគាត់កំពុងអង្គុយសុំទាន នៅតាមផ្លូវដូចសព្វមួយដង គាត់ក៏បានឮសម្លេងព្រះយេស៊ូវ និងហ្វូងមនុស្សដើរនៅក្បែរនោះ។ គាត់ក៏បានស្រែកឡើងថា “ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង” (ម៉ាកុស ១០:៤៧)។ ពួកបណ្តាជនក៏បានព្យាយាមឃាត់គាត់ តែគាត់មិនអាចឈប់ស្រែកហៅទ្រង់ឡើយ។
កណ្ឌគម្ពីរដំណឹងល្អបានចែងថា នៅពេលនោះ ព្រះយេស៊ូវក៏បានឈប់(ខ.៤៩)។ ព្រះអង្គសព្វព្រះទ័យនឹងស្តាប់លោកបារទីមេទូលសូមទ្រង់ នៅក្នុងចំណោមហ្វូងមនុស្ស។ ព្រះយេស៊ូវបានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?”(ខ.៥១)។
ជាការពិតណាស់ ព្រះយេស៊ូវជ្រាបច្បាស់ថា គាត់ចង់ឲ្យទ្រង់ធ្វើអ្វី សម្រាប់គាត់។ ប៉ុន្តែ ទ្រង់សព្វព្រះទ័យឲ្យលោកបារទីមេ បង្ហាញចេញនូវបំណងចិត្តរបស់គាត់ ចេញពីជម្រៅចិត្តគាត់។ លោកបារទីមេក៏បានទូលទ្រង់ថា “លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង”(ខ.៥១)។ ហើយព្រះអង្គក៏បានប្រោសភ្នែកគាត់ឲ្យជា បានជាគាត់អាចមើលឃើញពណ៌ សម្រស់ធម្មជាតិ និងមុខរបស់មិត្តសំឡាញ់គាត់ជាលើកដំបូងក្នុងជីវិត។
យើងមិនតែងតែអាចសម្រេចក្តីប្រាថ្នាភ្លាមៗនោះឡើយ(ហើយក្តីប្រាថ្នានីមួយៗ ត្រូវមានការផ្លាស់ប្រែ) ប៉ុន្តែ ចំណុចសំខាន់នៅក្នុងរឿងនេះ គឺលោកបារទីមេបានដឹងថា ខ្លួនគាត់ចង់បានអ្វី ហើយគាត់ក៏បានទូលសូមព្រះយេស៊ូវ ឲ្យសម្រេចក្តីបំណងគាត់។ បើយើងគិតឲ្យបានដិតដល់ យើងនឹងកត់សំគាល់ឃើញថា ក្តីប្រាថ្នាពិតប្រាកដ និងត្រឹមត្រូវរបស់យើង តែងតែនាំយើងងាកទៅរកព្រះអង្គ។ —WINN COLLIER