ទោះបីជាអ្នកស្រី លេន័រ ឌុនឡប(Lenore Dunlop) មានអាយុ៩៤ឆ្នាំក៏ដោយ ក៏គំនិតរបស់គាត់នៅតែមុតស្រួច ស្នាមញញឹមរបស់គាត់នៅតែភ្លឺថ្លា ហើយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលគាត់មានចំពោះព្រះយេស៊ូវ បានប៉ះពាល់ចិត្តមនុស្សជាច្រើន។ តាមធម្មតា គេឃើញគាត់ នៅក្នុងចំណោមយុវជន នៅព្រះវិហារ ដោយវត្តមាន និងការចូលរួមរបស់គាត់ បាននាំមកនូវក្តីអំណរ និងការលើកទឹកចិត្ត ដល់មនុស្សជាច្រើន។ ការរស់នៅរបស់អ្នកស្រីលេន័រ មានភាពរស់រវើកណាស់ បានជាយើងមានការតក់ស្លត់យ៉ាងខ្លាំង ពេលដែលបានទទួលដំណឹងមរណៈភាពរបស់គាត់។ គាត់បានរត់ប្រណាំងខាងវិញ្ញាណ ទៅដល់ទី នៃជីវិតគាត់ ប្រៀបដូចជាកីឡាកររត់ប្រណាំងដ៏ក្លាំងពូកែ។ រយៈពេលប៉ុន្មានថ្ងៃមុនពេលគាត់លាចាកលោក ថាមពល និងភាពឧស្សហ៍ព្យាយាមរបស់គាត់បាននាំឲ្យគាត់បញ្ចប់វគ្គសិក្សា១៦សប្តាហ៍ ដែលផ្តោតទៅលើការនាំព្រះរាជសារព្រះយេស៊ូវ ទៅដល់មនុស្ស នៅក្នុងពិភពលោក។
ជីវិតរបស់អ្នកស្រីលេន័រ បានបង្កើតផលផ្លែ និងថ្វាយព្រះកិត្តិនាមដល់ព្រះ គឺស្របតាមសេចក្តីដែលមានចែងក្នុងបទគម្ពីរ ទំនុកដំកើង ៩២:១២-១៥។ បទទំនុកដំកើងនេះពិពណ៌នា អំពីជីវិតដែលចេញពន្លក ចេញផ្ការីកស្គុះស្គាយ និងចេញផ្លែ ដោយសារអ្នកនោះបានចាក់ឫសចូលទៅក្នុងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះ(ខ.១២-១៣)។ ដើមឈើនោះមានតម្លៃ គឺដោយសារផលផ្លែ និងឈើរបស់វា ដែលឆ្លុះបញ្ចំាងអំពីភាពរស់រវើក ភាពសម្បូរសប្បាយ និងភាពមានប្រយោជន៍។ យើងគួរតែអរសប្បាយ ពេលដែលយើងបានឃើញជីវិតរបស់យើង ចេញពន្លក និងផ្លែផ្កានៃសេចក្តីស្រឡាញ់ ការចែករំលែក ការជួយ និងនាំអ្នកដទៃឲ្យជឿព្រះយេស៊ូវ។
ដរាបណាគ្រីស្ទបរិស័ទនៅមានជីវិត ពួកគេនៅតែមិនយឺតពេល នៅក្នុងការចាក់ឫស និងបង្កើតផលផ្លែ ទោះពួកគេមានវ័យចាស់ ឬអាយុច្រើនក៏ដោយ។ ជីវិតរបស់អ្នកស្រីលេន័របានចាក់ឫសចូលយ៉ាងជ្រៅ នៅក្នុងព្រះយេស៊ូវ ហើយបានធ្វើបន្ទាល់ អំពីសេចក្តីល្អរបស់ព្រះអង្គ(ខ.១៥)។ ជីវិតរបស់យើងក៏អាចបង្កើតផលផ្លែជាបរិបូរផងដែរ។ —ARTHUR JACKSON