ទោះ​បី​ជា​អ្នក​ស្រី លេន័រ ឌុនឡប(Lenore Dunlop) មាន​អាយុ​៩៤​ឆ្នាំ​ក៏​ដោយ ក៏​គំនិត​របស់​គាត់​នៅ​តែ​មុត​ស្រួច ស្នាម​ញញឹម​របស់​គាត់​នៅ​តែ​ភ្លឺ​ថ្លា ហើយ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេស៊ូវ បាន​ប៉ះ​ពាល់​ចិត្ត​មនុស្ស​ជា​ច្រើន។ តាម​ធម្មតា គេ​ឃើញ​គាត់ នៅ​ក្នុង​ចំណោម​យុវជន នៅ​ព្រះ​វិហារ ដោយ​វត្ត​មាន និង​ការ​ចូល​រួម​របស់​គាត់ បាន​នាំ​មក​នូវ​ក្តី​អំណរ និង​ការ​លើក​ទឹក​ចិត្ត ដល់​មនុស្ស​ជា​ច្រើន។ ការ​រស់​នៅ​របស់​អ្នក​ស្រី​លេន័រ មាន​ភាព​រស់​រវើក​ណាស់ បាន​ជា​យើង​មាន​ការ​តក់​ស្លត់​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ទទួល​ដំណឹង​មរណៈ​ភាព​របស់​គាត់។ គាត់​បាន​រត់​ប្រណាំង​ខាង​វិញ្ញាណ ទៅ​ដល់​ទី នៃ​ជីវិត​គាត់ ប្រៀប​ដូច​ជា​កីឡាករ​រត់​ប្រណាំង​ដ៏​ក្លាំង​ពូកែ។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​គាត់​លាចាក​លោក ថាម​ពល និង​ភាព​ឧស្សហ៍​ព្យាយាម​របស់​គាត់​បាន​នាំ​ឲ្យ​គាត់​បញ្ចប់​វគ្គ​សិក្សា​១៦​សប្តាហ៍ ដែល​ផ្តោត​ទៅ​លើ​ការ​នាំ​ព្រះ​រាជ​សារ​ព្រះ​យេស៊ូវ ទៅ​ដល់​មនុស្ស នៅ​ក្នុង​ពិភព​លោក។​

ជីវិត​របស់​អ្នក​ស្រី​លេន័រ បាន​បង្កើត​ផល​ផ្លែ និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ គឺ​ស្រប​តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ៩២:១២-១៥។ បទ​ទំនុក​ដំកើង​នេះ​ពិពណ៌នា អំពី​ជីវិត​ដែល​ចេញ​ពន្លក ចេញ​ផ្កា​រីក​ស្គុះ​ស្គាយ និង​ចេញ​ផ្លែ ដោយ​សារ​អ្នកនោះ​បាន​ចាក់​ឫស​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​ព្រះ​(ខ.១២-១៣)។ ដើម​ឈើ​នោះ​មាន​តម្លៃ គឺ​ដោយសារ​ផល​ផ្លែ និង​ឈើ​របស់​វា ដែល​ឆ្លុះ​បញ្ចំាង​អំ​ពី​ភាព​រស់​រវើក ភាព​សម្បូរ​សប្បាយ និង​ភាព​មាន​ប្រយោជន៍។ យើង​គួរ​តែ​អរ​សប្បាយ​ ពេល​ដែល​យើង​បាន​ឃើញ​ជីវិត​របស់​យើង ចេញ​ពន្លក និង​ផ្លែ​ផ្កា​នៃ​សេចក្តី​ស្រឡាញ់ ការ​ចែក​រំលែក ការ​ជួយ និង​នាំ​អ្នក​ដទៃ​ឲ្យ​ជឿ​ព្រះ​យេស៊ូវ។

ដរាប​ណា​គ្រីស្ទ​បរិស័ទ​នៅ​មាន​ជីវិត ពួក​គេ​នៅ​តែ​មិន​យឺត​ពេល នៅ​ក្នុង​ការ​ចាក់​ឫស និង​បង្កើត​ផល​ផ្លែ ទោះ​ពួក​គេ​មាន​វ័យ​ចាស់ ឬ​អាយុ​ច្រើន​ក៏​ដោយ។ ជីវិត​របស់​អ្នក​ស្រី​លេន័រ​បាន​ចាក់​ឫស​ចូល​យ៉ាង​ជ្រៅ នៅ​ក្នុង​ព្រះ​យេស៊ូវ ហើយ​បាន​ធ្វើ​បន្ទាល់​ អំពី​សេចក្តី​ល្អ​របស់​ព្រះ​អង្គ(ខ.១៥)។ ជីវិត​របស់​យើង​ក៏​អាច​បង្កើត​ផល​ផ្លែ​ជា​បរិបូរ​ផង​ដែរ។ —ARTHUR JACKSON