មានពេលមួយ ខ្ញុំបានក្រោកដើរពើមៗ ក្នុងភាពងងឹត។ ខ្ញុំមិនទាន់បានគេង ឲ្យលើសកន្លះម៉ោងផង ហើយខ្ញុំដឹងថា ខ្ញុំនឹងមិនងាយគេងលក់វិញទេ។ ស្វាមីរបស់មិត្តភក្តិខ្ញុំម្នាក់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានទទួលដំណឹងដ៏គួរឲ្យភ័យខ្លាចថា “ជម្ងឺមហារីកបានវិលត្រឡប់មកវិញ នៅក្នុងខួរក្បាល និងឆ្អឹងខ្នងរបស់គាត់”។ ខ្ញុំមានអារម្មណ៍ឈឺចាប់ ជួសគាត់។ នេះជាបន្ទុកដ៏ធ្ងន់ណាស់! តែទោះជាយ៉ាងណាក៏ដោយ វិញ្ញាណខ្ញុំក៏បានទទួលការកម្សាន្តចិត្ត តាមរយៈការអធិស្ឋានដ៏ខ្ជាប់ខ្ជួន។ អ្នកអាចនិយាយថា ខ្ញុំកំពុងតែជួយរំលែកបន្ទុក ដ៏មានន័យ សម្រាប់ពួកគេ។ តើវាមានន័យ ដោយរបៀបណា?
ក្នុងបទគម្ពីរម៉ាថាយ ១១:២៨-៣០ ព្រះយេស៊ូវបានសន្យាប្រទានការសម្រាកដល់វិញ្ញាណដែលនឿយព្រួយ។ អ្វីដែលចម្លែកនោះគឺ យើងអាចទទួលការសម្រាកនោះបាន នៅពេលដែលយើងបន្ទន់ខ្លួនទទួលនឹមរបស់ទ្រង់ ហើយឱបក្រសោបយកបន្ទុករបស់ទ្រង់។ ទ្រង់បានបញ្ជាក់នៅក្នុងខ.៣០ថា “នឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល”។ ពេលណាយើងអនុញ្ញាតព្រះយេស៊ូវ ឲ្យលើកបន្ទុកចេញពីខ្នងយើង ហើយយើងទទួលនឹមរបស់ទ្រង់ នោះយើងនឹងបាននៅជាប់នឹងទ្រង់ បោះជំហានទៅមុខទន្ទឹមនឹងទ្រង់ តាមបំណងព្រះទ័យទ្រង់។ ពេលយើងបន្ទន់ខ្លួនទទួលបន្ទុកទ្រង់ យើងមានចំណែកនៅក្នុងការរងទុក្ខរបស់ទ្រង់ ដែលនាំឲ្យយើងមានចំណែក នៅក្នុងការកម្សាន្តចិត្តរបស់ទ្រង់ផងដែរ(២កូរិនថូស ១:៥)។
ក្តីកង្វល់ដែលខ្ញុំមានចំពោះមិត្តភក្តិរបស់ខ្ញុំ គឺជាបន្ទុកដ៏ធ្ងន់។ តែខ្ញុំអរគុណព្រះអង្គ ដែលបានអនុញ្ញាតឲ្យខ្ញុំជួយរំលែកបន្ទុកគាត់ ដោយការអធិស្ឋាន ធ្វើឲ្យបន្ទុកនោះមានន័យ។ បន្តិចម្តងៗ ខ្ញុំក៏បានគេងលក់វិញ ហើយក៏បានភ្ញាក់ឡើងនៅពេលព្រឹក។ ខ្ញុំនៅបន្តជួយរំលែកបន្ទុកដ៏មានន័យនោះ គឺជានឹមដែលងាយ និងបន្ទុកដ៏ស្រាល នៅក្នុងការដើរជាមួយព្រះយេស៊ូវ។ —ELISA MORGAN