មាន​ពេល​មួយ ខ្ញុំ​បាន​ក្រោក​ដើរ​ពើម​ៗ ក្នុង​ភាព​ងងឹត។ ខ្ញុំ​មិន​ទាន់​បាន​គេង ឲ្យ​លើស​កន្លះ​ម៉ោង​ផង ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​មិនងាយ​គេង​លក់​វិញ​ទេ។ ស្វាមី​របស់​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ថា “ជម្ងឺ​មហារីក​បាន​វិល​ត្រឡប់​មក​វិញ នៅ​ក្នុង​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​របស់​គាត់”។ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់ ជួស​គាត់។ នេះ​​ជា​បន្ទុក​ដ៏​ធ្ងន់​ណាស់! តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វិញ្ញាណ​ខ្ញុំ​ក៏​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត តាម​រយៈ​ការ​អធិស្ឋាន​ដ៏​ខ្ជាប់​ខ្ជួន។ អ្នក​អាច​និយាយ​ថា ខ្ញុំ​កំពុង​តែ​ជួយ​រំលែក​បន្ទុក ដ៏​មាន​ន័យ សម្រាប់​ពួក​គេ។ តើ​វា​មាន​ន័យ ​ដោយ​របៀប​ណា?

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១១:២៨-៣០ ព្រះ​យេស៊ូវ​បាន​សន្យា​ប្រទាន​ការ​សម្រាក​ដល់​វិញ្ញាណ​ដែល​នឿយ​ព្រួយ។ អ្វី​ដែល​ចម្លែកនោះ​គឺ យើង​អាច​ទទួល​ការ​សម្រាក​នោះ​បាន នៅ​ពេល​ដែល​យើង​បន្ទន់​ខ្លួន​ទទួល​នឹម​របស់​ទ្រង់ ហើយ​ឱប​ក្រសោប​យក​បន្ទុក​របស់​ទ្រង់។ ទ្រង់​បាន​បញ្ជាក់​នៅ​ក្នុង​ខ.៣០​ថា “នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល”។ ពេល​ណា​យើង​អនុញ្ញាត​ព្រះយេស៊ូវ ឲ្យ​លើក​បន្ទុក​ចេញ​ពី​ខ្នង​យើង ហើយ​យើង​ទទួល​នឹម​របស់​ទ្រង់ នោះ​យើង​នឹង​បាន​នៅ​ជាប់​នឹង​ទ្រង់ បោះ​ជំហាន​ទៅ​មុខ​ទន្ទឹម​នឹងទ្រង់ តាម​បំណង​ព្រះ​ទ័យ​ទ្រង់។​ ពេល​យើង​បន្ទន់​ខ្លួន​ទទួល​បន្ទុក​ទ្រង់ យើង​មាន​ចំណែក​នៅ​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ដែល​នាំឲ្យ​យើង​មាន​ចំណែក នៅ​ក្នុង​ការកម្សាន្ត​ចិត្ត​របស់​ទ្រង់​ផង​ដែរ​(២កូរិនថូស ១:៥)។

ក្តី​កង្វល់​ដែល​ខ្ញុំ​មាន​ចំពោះ​មិត្ត​ភក្តិ​របស់​ខ្ញុំ គឺ​ជា​បន្ទុក​ដ៏​ធ្ងន់។ តែ​ខ្ញុំ​អរគុណ​ព្រះ​អង្គ ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួយ​រំលែក​បន្ទុក​គាត់ ដោយ​ការ​អធិស្ឋាន ធ្វើ​ឲ្យ​បន្ទុក​នោះ​មាន​ន័យ។ បន្តិច​ម្តង​ៗ ខ្ញុំ​ក៏​បាន​គេង​លក់​វិញ ហើយ​ក៏​បាន​ភ្ញាក់​ឡើង​នៅ​ពេល​ព្រឹក។ ខ្ញុំ​នៅបន្ត​ជួយ​រំលែក​បន្ទុក​ដ៏​មាន​ន័យ​នោះ គឺ​ជា​នឹម​ដែល​ងាយ និង​បន្ទុក​ដ៏​ស្រាល ​នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ។ —ELISA MORGAN