អ្នកនិពន្ធឈ្មោះ ហេនរី នូវែន(Henri Nouwen) បានរំឭក អំពីដំណើរកម្សាន្តរបស់គាត់ នៅសារៈមន្ទីរមួយ នៅទីក្រុងសេន ភីធ័រស្បឺក ប្រទេសរូស្ស៊ី ដែលនៅទីនោះ គាត់បានចំណាយពេលរាប់ម៉ោង នៅក្នុងការជញ្ជឹងគិត អំពីអត្ថន័យនៃផ្ទាំងគំនូរអំពីកូនពៅវង្វេង ដែលលោករេមប្រិន(Rembrandt)បានគូរ។ ខណៈពេលដែលថ្ងៃកាន់តែជ្រេ ការផ្លាស់ប្តូរនៃពន្លឺធម្មជាតិ ដែលចេញពីបង្អួចដែលនៅក្បែរនោះ បាននាំឲ្យលោកនូវែនមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយធ្វើឲ្យគាត់មើលឃើញផ្ទាំងគំនូរកាន់តែច្រើន ចេញពីផ្ទាំងគំនូរតែមួយនោះ ដោយសារការផ្លាស់ប្តូរនៃពន្លឺថ្ងៃនោះ។ ផ្ទាំងគំនូរនីមួយៗហាក់ដូចជា បង្ហាញនូវអត្ថន័យនៃសេចក្តីស្រឡាញ់របស់បុរសជាឪពុក តាមរបៀបផ្សេងៗពីគ្នា គឺក្តីស្រឡាញ់ដែលគាត់មានចំពោះកូនប្រុសដែលបានវង្វេងចេញនោះ។
លោកនូវែនក៏បានពិពណ៌នាថា នៅម៉ោងប្រហែល៤រសៀល គាត់បានឃើញរូបមនុស្សបីនាក់ ហាក់ដូចជាកំពុង “បោះជំហានទៅមុខ” នៅក្នុងផ្ទាំងគំនូរនោះ។ ក្នុងចំណោមអ្នកទាំងបីនោះ ម្នាក់ជាកូនប្រុសច្បង ដែលមិនពេញចិត្តនឹងការសម្រេចចិត្តរបស់ឪពុកគាត់ ដែលព្រមស្វាគមន៍កូនពៅវង្វេងត្រឡប់មកផ្ទះវិញ។ តើកូនពៅនោះមិនបានបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារជាច្រើន បណ្តាលឲ្យពួកគេមានការឈឺចាប់ និងការខ្មាស់អៀនយ៉ាងខ្លាំងទេឬ?(លូកា ១៥:២៨-៣០)។
តួរអង្គពីរនាក់ទៀត បានធ្វើឲ្យលោកនូវែននឹកចាំ អំពីពួកអ្នកដឹកនាំសាសនា ដែលមានវត្តមាន នៅពេលដែលព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីកូនពៅវង្វេងនេះ។ ពួកគេជាអ្នកដែលនិយាយរិះគន់ព្រះយេស៊ូវ ដោយសារទ្រង់រាប់រកមនុស្សមានបាប(ខ.១-២)។
លោកនូវែនបានមើលឃើញខ្លួនគាត់ នៅក្នុងតួរអង្គទាំងបីនោះ គឺនៅក្នុងជីវិតរបស់កូនពៅដែលបង្ហិនបង្ហោច និងនៅក្នុងបងប្រុស និងអ្នកដឹកនាំសាសនាដែលចូលចិត្តថ្កោលទោសគេ ហើយនៅក្នុងតួរអង្គបុរសជាឪពុក ដែលមានចិត្តស្រឡាញ់ និងមេត្តាចំពោះមនុស្សគ្រប់គ្នា។
ចុះចំណែកយើងរាល់គ្នាវិញ? តើយើងអាចមើលឃើញខ្លួនយើង នៅក្នុងផ្ទាំងគំនូររបស់លោករេមប្រិនឬទេ? រឿងដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់យើង គឺសុទ្ធតែនិយាយអំពីខ្លួនយើង តាមរបៀបណាមួយ។ —MART DEHAAN