សូមយើងស្រមៃថា យើងកំពុងតែនៅក្នុងព្រះរាជវាំងមួយ។ យើងឃើញស្តេចដ៏មានអំណាចមួយអង្គគង់នៅលើបល្ល័ង្ក។ ទ្រង់មានអ្នកបម្រើ និងកងការពារឆ្វេងស្តាំ ដោយម្នាក់ៗខំសម្តែងចេញនូវអាកប្បកិរិយាឲ្យបានល្អបំផុត។ ឧបមាថា មានប្រអប់មួយ នៅទៀបជើងស្តេច។ ស្តេចក៏បានលូកព្រះហស្តចូលទៅក្នុងប្រអប់នោះជាញឹកញប់ ដើម្បីរាវវត្ថុដែលនៅខាងក្នុង។ តើក្នុងប្រអប់នោះមានរបស់អ្វី? គឺវាមានគ្រឿងអលង្កា មាស ត្បូង ដែលស្តេចចូលចិត្ត។ ប្រអប់នោះផ្ទុកទៅដោយទ្រព្យសម្បត្តិ ដែលស្តេចបានជ្រើសរើស ដែលនាំឲ្យទ្រង់សប្បាយព្រះទ័យយ៉ាងខ្លាំង។ តើរឿងនេះបានបង្រៀនអ្នកអ្វីខ្លះ?
ក្នុងភាសាហេព្រើរ គេប្រើពាក្យ សេគូឡាហ៍ ដែលមានន័យថា “របស់ទ្រព្យដ៏ពិសេស”។ គេបានប្រើពាក្យនេះ នៅក្នុងបទគម្ពីរសញ្ញាចាស់ (ដែលមានដូចជា និក្ខមនំ ១៩:៥ ចោទិយកថា ៧:៦ និង ទំនុកដំកើង ១៣៥:៤) សំដៅទៅលើប្រជាជាតិអ៊ីស្រាអែល។ ប៉ុន្តែ ពាក្យដដែលនេះ ក៏ត្រូវបានសាវ័កពេត្រុសប្រើ នៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មីផងដែរ។ ដែលក្នុងនោះ គាត់បានប្រើពាក្យនេះ ដើម្បីពិពណ៌នា អំពី “រាស្រ្តរបស់ព្រះ” ដែលបាន “ទទួលសេចក្តីមេត្តា”(ខ.១០) គឺជាអ្នកជឿព្រះយេស៊ូវ ដែលរាប់បញ្ចូលទាំងសាសន៍យូដា និងសាសន៍ដទៃផងដែរ។ ហើយគាត់បានពិពណ៌នាថា គ្រីស្ទបរិស័ទ គឺជារាស្រ្តដ៏ជាកេរ្តិ៍អាករ ឬជាទ្រព្យសម្បត្តិដ៏ពិសេសរបស់ព្រះ(ខ.៩)។
តើអ្នកនឹងមានចិត្តរំភើបរីករាយយ៉ាងណា ពេលដែលបានដឹងថា ព្រះដែលជាស្តេចនៃស្ថានសួគ៌ ដ៏មានអំណាចចេស្តា បានចាត់ទុកអ្នកជាទ្រព្យសម្បត្តិដ៏ពិសេសរបស់ទ្រង់។ ព្រះអង្គបានរំដោះអ្នក ឲ្យរួចពីចំណងនៃអំពើបាប និងសេចក្តីស្លាប់។ ព្រះអង្គបានប្រកាស់ថា អ្នកជាកម្មសិទ្ធិរបស់ទ្រង់។ យើងជាទ្រព្យដែលទ្រង់ស្រឡាញ់ ហើយយើងជាកម្មសិទ្ធិរបស់ទ្រង់។—JOHN BLASÉ