មាន​ពេល​មួយ មិត្ត​ចាស់​របស់​ខ្ញុំ​ម្នាក់​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នាង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​អធិស្ឋាន​ឲ្យ​ខ្ញុំ ជា​ញឹក​ញាប់ ហើយ​នាង​មិន​ដឹង​ថា​មូល​ហេតុ​អ្វី​ទេ។ នាង​ក៏​ផ្ញើ​សារ​នោះ ជា​មួយ​នឹង​រូប​ថត​មួយ​សន្លឹក ដែល​ក្នុង​នោះ ខ្ញុំ​ឃើញ​ក្រដាស់​កត់​ត្រា​មួយ​សន្លឹក ដែល​នាង​បាន​សៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​នាង។ នៅ​លើ​ក្រដាស់​នោះ ខ្ញុំ​ឃើញ​អក្សរ​ដែល​នាង​បាន​សរសេរ​ថា “ខ្ញុំ​នឹង​អធិស្ឋាន​ឲ្យ​លោក​ចេមស៍ ហើយ​នឹក​ចាំ​ពី​គាត់ ក្នុង​ចិត្ត គំនិត និង​ពាក្យ​សម្តី​របស់​ខ្ញុំ”។ នាង​បាន​រក្សា​ទុក​ក្រដាស់​មួយ​សន្លឹក​នេះ អស់​រយៈ​ពេល​៣​ឆ្នំា​ហើយ។

ខ្ញុំ​ក៏​បាន​គិត​អំពី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ហើយ​ដក​ដង្ហើម​ធំ។ ខ្ញុំ​ក៏​បាន​សរសេរ​សារ​តប​ទៅ​នាង​វិញ ហើយ​ក៏​បាន​សួរ​នាង​ថា តើ​នាង​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​ខ្ញុំ ក្នុង​ខែ​ណា។ នាង​ក៏​បាន​ឆ្លើយ​ថា ប្រហែល​ជា​នៅ​ខែ​កក្កដា។​

ខ្ញុំ​នៅ​ចាំ​ថា នៅ​ខែ​នោះ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​ក៏​បាន​ជួប​ប្រទះ​វប្បធម៌​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់ និង​ភាសារ​ដែល​ខ្ញុំ​មិន​ចេះ​និយាយ ហើយ​សេចក្តី​ជំនឿ​របស់​ខ្ញុំ បាន​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ជាង​ពេល​ណា​ទំាង​អស់។ ពេល​ខ្ញុំ​មើល​ទៅ​ក្រដាស់​កត់​ត្រា​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា នាង​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ​ក្នុង​អំឡុង​ពេល​នោះ។ ដូច​នេះ ខ្ញុំ​បានទទួល​អំណោយ​នៃ​ការ​អធិស្ឋាន​ដ៏​សប្បុរស​ពី​នាង ដោយ​មិន​ដឹង​ខ្លួន។​

សេចក្តី​សប្បុរស​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ប៉ុល​ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​អធិស្ឋាន ឲ្យ​លោក​ធីម៉ូថេ ដែល​ជា​មិត្ត​សំឡាញ់ ជា​សិស្ស​របស់​គាត់ និង​ជា​បេសក​ជន​វ័យ​ក្មេង។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះគុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់”(១ធីម៉ូថេ ២:១)។ សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “មុន​ដំបូង” ដើម្បី​ប្រាប់​លោក​ធីម៉ូថេ​ឲ្យ​យក​ការ​អរ​ព្រះ​គុណ ការទូល​សូម និង​អធិស្ឋាន​ទូល​អង្វរ ជា​អាទិ​ភាព។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ការ​អធិស្ឋាន​របស់​យើង​សំខាន់​ណាស់ ព្រោះ​ព្រះ​ជាម្ចាស់ “ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ពិត” ដែលចែងអំពីព្រះយេស៊ូវ(ខ.៤)។

ព្រះ​ជា​ម្ចាស់​ធ្វើ​ការ​ទ្រង់ តាម​រយៈ​ការ​អធិស្ឋាន​ដ៏​ស្មោះ​ត្រង់​របស់​យើង តាម​របៀប​ជា​ច្រើន​រាប់​មិន​អស់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ និង​នាំ​ពួក​គេ​ចូល​មក​ជិត​ព្រះ​អង្គ។ ពេល​យើង​នឹក​ចាំ​អំពី​នរណា​ម្នាក់ យើង​ប្រហែល​មិន​ដឹង​ថា ពួក​គេ​កំពុង​តែ​ជួប​រឿង​អ្វី​ទេ តែ​ព្រះ​ជា​ម្ចាស់​ទ្រង់​ជ្រាប។ ហើយ​ព្រះ​អង្គនឹង​ជួយ​គាត់ ពេល​ណា​យើង​អធិស្ឋាន​ឲ្យ​គាត់! —JAMES BANKS