គេបានប៉ាន់ប្រមាណថា មនុស្សនៅទូទំាងពិភពលោក បានចំណាយលុយប្រហែល ៩៨.២ពាន់លានដុល្លា ទៅលើស្ករសូកូឡា នៅក្នុងឆ្នាំ២០១៦។ តួរលេខនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ តែវាមិនមែនជារឿងចម្លែកទេ។ និយាយរួម ស្ករសូកូឡាមានរស់ជាតិឆ្ងាញ់ ហើយយើងចូលចិត្តញាំវា។ ដូចនេះ ពិភពលោកក៏បានអរសប្បាយទាំងអស់គ្នា ពេលដែលគេបានរកឃើញថា អាហារដ៏ផ្អែមឆ្ងាញ់នេះ ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ស្ករសូកូឡាផ្ទុកទៅដោយសារធាតុផ្លេវិនណយ ដែលជួលការពាររាងកាយ ប្រឆាំងនឹងភាពចាស់ជរា និងជម្ងឺបេះដូង។ ដូចនេះ វាប្រៀបបាននឹងថ្នាំមួយ ដែលមនុស្សនិយមចូលចិត្តលើសឱសថដទៃទៀត(ក្នុងកំរិតសមរម្យ)។
ស្តេចសាឡូម៉ូនបានលើកឡើងថា ប្រាជ្ញា ក៏ “មានរស់ជាតិផ្អែម”ផងដែរ គឺសក្តិសមនឹងឲ្យយើងស្វែងរកឲ្យបានគ្រប់គ្នា។ ទ្រង់បានបង្រៀនបុត្រាទ្រង់ ឲ្យសោយទឹកឃ្មុំ “ព្រោះវាឆ្ងាញ់”(សុភាសិត ២៤:១៣) ហើយទ្រង់ក៏បានប្រៀបប្រដូចរស់ជាតិផ្អែមរបស់វា ទៅនឹងប្រាជ្ញា។ អ្នកដែលបានទទួលប្រាជ្ញារបស់ព្រះ នៅក្នុងព្រះគម្ពីរ បានដឹងថា ប្រាជ្ញាមកពីព្រះអង្គ មិនគ្រាន់តែមានរស់ជាតិផ្អែម សម្រាប់វិញ្ញាណមនុស្សប៉ុណ្ណោះទេ តែថែមទាំងមានប្រយោជន៍ សម្រាប់ការបង្រៀន និងបណ្តុះបណ្តាល ដោយបំពាក់យើង នូវសមត្ថភាព ដើម្បី “ធ្វើការល្អគ្រប់យ៉ាង” ក្នុងជីវិតរបស់យើង(២ធីម៉ូថេ ៣:១៦-១៧)។
ប្រាជ្ញាអនុញ្ញាតឲ្យយើងធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ហើយយល់អំពីពិភព ដែលនៅជុំវិញខ្លួនយើង ហើយក៏សក្តិសមនឹងឲ្យយើងស្វែងរកឲ្យបាន ហើយចែករំលែកជាមួយអ្នកដែលយើងស្រឡាញ់ គឺដូចដែលស្តេចសាឡូម៉ូនប្រាថ្នាចង់ចែករំលែកជាមួយបុត្រាទ្រង់ យ៉ាងដូច្នោះដែរ។ យើងក៏អាចមានអំណរ នៅក្នុងការទទួលប្រាជ្ញារបស់ព្រះ នៅក្នុងព្រះគម្ពីរផងដែរ។ ប្រាជ្ញាព្រះអង្គជាអាហារដែលមានរស់ជាតិផ្អែមឆ្ងាញ់ ដែលយើងអាចអរសប្បាយដោយគ្មានកំណត់ តាមពិត ព្រះអង្គបានលើកទឹកចិត្តយើង ឲ្យទទួលប្រាជ្ញាពីព្រះអង្គ។ ឱព្រះអម្ចាស់ សូមអរព្រះគុណ សម្រាប់រស់ជាតិផ្អែមនៃព្រះគម្ពីរព្រះអង្គ។ —KIRSTEN HOLMBERG