ពេលដែលអ្នកស្រីដេនីស លេវើតូវ(Denis Levertov) ទើបតែមានអាយុ១២ឆ្នាំ គាត់ហ៊ានសរសេរបទកំណាព្យផ្ញើទៅលោកធីអេស អេលាត(T. S. Eliot) ដែលជាអ្នកនិពន្ធបទកំណាព្យដ៏ឆ្នើម។ បន្ទាប់មក គាត់ក៏បានរង់ចាំការឆ្លើយតប។ គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលលោកអេលាតបានសរសេរសំបុត្រលើកទឹកចិត្តពីរទំព័រ ផ្ញើមកគាត់។ ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានក្លាយជាអ្នកនិពន្ធបទកំណាព្យដ៏ល្បីល្បាញ។ នៅក្នុងបុព្វកថា នៃកម្រងបទកំណាព្យរបស់គាត់ ដែលមានចំណងជើងថា ទឹកអូ និងត្បូងកណ្តៀង គាត់បានពន្យល់ថា កំណាព្យបាន “នាំគាត់ឲ្យផ្លាស់ប្តូរជំនឿពីអ្នកមិនជឿថាមានព្រះ ទៅជាអ្នកជឿព្រះគ្រីស្ទ”។ នៅក្នុងកំណាព្យដែលគាត់បាននិពន្ធនៅពេលក្រោយមកទៀត (មានចំណងជើងថា “ការប្រកាស់”) គាត់បានពិពណ៌នា អំពីការចុះចូលដែលនាងម៉ារាមានចំពោះព្រះជាម្ចាស់។ គាត់បានកត់សម្គាល់ថា ព្រះវិញ្ញាណបរិសុទ្ធមិនបានបង្ខំនាងម៉ារាឡើយ តែនាងបានស្ម័គ្រចិត្តឲ្យព្រះគ្រីស្ទចាប់កំណើតក្នុងផ្ទៃនាង។ ក្នុងបទកំណាព្យនេះ ពាក្យមួយឃ្លាដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺពាក្យ “ព្រះទ្រង់រង់ចាំ”។
នៅក្នុងការពណ៌នាអំពីរឿងរបស់នាងម៉ារា អ្នកស្រីលេវីតូវបានយល់អំពីរឿងរបស់ខ្លួនឯងផងដែរ។ គាត់បានទទួលស្គាល់ថា ព្រះជាម្ចាស់បានរង់ចាំគាត់ ដោយសេចក្តីស្រឡាញ់ដ៏លើសលប់។ ព្រះអង្គមិនដែលបង្ខំគាត់ឡើយ។ ព្រះអង្គរង់ចាំ។ លោកអេសាយក៏បានពន្យល់អំពីរឿងពិតនេះផងដែរ ដោយមានប្រសាសន៍ថា ព្រះជាម្ចាស់បានត្រៀមខ្លួនជាស្រេច ដើម្បីចាក់បង្ហូរសេចក្តីស្រឡាញ់ដ៏ស្រទន់របស់ព្រះអង្គមកលើប្រជាជនអ៊ីស្រាអែល។ គឺដូចមានសេចក្តីចែងថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌”(៣០:១៨)។ ព្រះអង្គបានត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញសេចក្តីសប្បុរសដ៏លើសលប់ តែទន្ទឹមនឹងនោះ ព្រះអង្គក៏បានរង់ចាំ ពួកគេស្ម័គ្រចិត្តទទួលអ្វីដែលព្រះអង្គប្រទាន(ខ.១៩)។
ពិតជាអស្ចារ្យណាស់ ដែលព្រះអាទិករនៃយើង ជាព្រះអង្គសង្រ្គោះនៃពិភពលោក បានសម្រេចព្រះទ័យរង់ចាំយើងទទួលព្រះអង្គ ចូលគង់ក្នុងជីវិតយើង។ ព្រះជាម្ចាស់ដែលមានអំណាចដ៏លើសលប់ បានបន្ទាបព្រះកាយ ដោយព្រះទ័យអត់ធ្មត់។ ព្រះដ៏បរិសុទ្ធក៏កំពុងរង់ចាំយើងផងដែរ។—WINN COLLIER