លូវីស(Louise)បានជួបទុក្ខលំបាកជាច្រើន ដោយសារនាងមានជម្ងឺខ្សោយសាច់ដុំ។ ពេលដែលនាងព្យាយាមចាកចេញពីស្ថានីយ៍រថភ្លើង នៅថ្ងៃមួយ នាងក៏បានឃើញជណ្តើរធំមួយ ហើយមិនឃើញមានជណ្តើរយន្តនៅក្បែរនោះទេ។ នាងហៀបនឹងស្រក់ទឹកភ្នែកទៅហើយ តែភ្លាមៗនោះ ស្រាប់តែមានបុរសម្នាក់បានដើរមក ហើយក៏បានចាប់កាន់កាបូបរបស់គាត់ រួចជួយទប់នាងឡើងជណ្តើរថ្មមៗ។ ពេលដែលនាងងាកមករកគាត់ ដើម្បីអរគុណគាត់ នាងមិនដឹងថា បាត់គាត់ទៅណាទេ។
មៃឃល(Michael) បានមកប្រជុំយឺត។ គាត់កំពុងតែមានភាពតប់ប្រម៉ល់ ដោយសារការបាក់បែកទំនាក់ទំនងស្រាប់ផង គាត់ក៏បានព្យាយាមគេចចេញពីចរាចរណ៍ដែលកំពុងតែកកស្ទះ ហើយឡានគាត់ក៏បានបែកកង់ទៀត។ ពេលដែលគាត់កំពុងតែឈរយ៉ាងអស់សង្ឃឹម នៅហាលភ្លៀង ស្រាប់តែមានបុរសម្នាក់ដើរចេញពីហ្វូងមនុស្សមក ហើយក៏បានបើកគូទឡានរបស់គាត់ រួចដូយឡាននោះឡើង ហើយក៏បានផ្លាស់កង់ឡានឲ្យគាត់។ ពេលមៃឃលងាកមករកបុរសនោះ ដើម្បីថ្លែងអំណរគុណ គាត់មិនដឹងថា បុរសនោះបានចាកចេញទៅបាត់តាំងពីអង្កាល់ទេ។
តើអ្នកជួយយកអាសាដ៏អាថ៌កំបាំងនោះ ជានរណា? តើជាមនុស្សចម្លែកដែលមានចិត្តល្អ ឬជាអ្វីផ្សេង?
នៅប្រទេសលោកខាងលិច គេចូលចិត្តគិតថា ទេវតាមានពន្លឺភ្លឺចែងចាំង ឬមានស្លាប តែតាមពិត ទេវតាមិនតែងតែបង្ហាញខ្លួនឲ្យមនុស្សឃើញក្នុងលក្ខណៈដូចនេះឡើយ។ ទេវតាខ្លះមានសណ្ឋានបែបនេះមែន(អេសាយ ៦:២ និងម៉ាថាយ ២៨:៣) ទេវតាខ្លះមានជើងប្រឡាក់ដី ដែលបានត្រៀមខ្លួនជាស្រេចសម្រាប់ការបរិភោគអាហារ(លោកុប្បត្តិ ១៨:១-៥) ហើយគេងាយនឹងមើលច្រឡំ(ពួកចៅហ្វាយ ១៣:១៦)។ អ្នកនិពន្ធបទគម្ពីរហេព្រើរបានលើកទឹកចិត្តយើងឲ្យទទួលស្វាគមន៍អ្នកដទៃ ព្រោះពេលខ្លះយើងប្រហែលជាបានស្វាគមន៍ទេវតា ដោយមិនដឹងខ្លួនផង(១៣:២)។
យើងមិនដឹងថា អ្នកជួយយកអសារលូវីស និងលោកមៃឃល ជាទេវតាឬយ៉ាងណាទេ។ ប៉ុន្តែ យោងតាមព្រះគម្ពីរ អ្នកនោះអាចជាទេវតាមែន។ ទេវតារបស់ព្រះ កំពុងតែធ្វើការរបស់ពួកគេ ដោយជួយយកអសាររាស្រ្តព្រះអង្គ(ហេព្រើរ ១:១៤)។ ហើយពួកគេអាចបង្ហាញខ្លួនមក ក្នុងលក្ខណៈជាមនុស្សសាមញ្ញនៅតាមដងផ្លូវ។—SHERIDAN VOYSEY