លូវីស(Louise)បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន ដោយសារ​នាង​មាន​ជម្ងឺ​ខ្សោយ​សាច់​ដុំ។ ពេល​ដែល​នាង​ព្យាយាម​ចាក​ចេញ​ពីស្ថានីយ៍​រថ​ភ្លើង នៅ​ថ្ងៃ​មួយ នាង​ក៏​បាន​ឃើញ​ជណ្តើរ​ធំ​មួយ ហើយ​មិន​ឃើញ​មាន​ជណ្តើរ​យន្ត​នៅ​ក្បែរ​នោះ​ទេ។ នាងហៀប​នឹង​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ តែ​ភ្លាម​ៗ​នោះ ស្រាប់​តែ​មាន​បុរស​ម្នាក់​បាន​ដើរ​មក ហើយ​ក៏​បាន​ចាប់​កាន់​កាបូប​របស់​គាត់ រួច​ជួយ​ទប់នាង​ឡើង​ជណ្តើរ​ថ្មម​ៗ។ ពេល​ដែល​នាង​ងាក​មក​រក​គាត់ ដើម្បី​អរគុណ​គាត់ នាង​មិន​ដឹង​ថា ​បាត់​គាត់​ទៅ​ណា​ទេ។

មៃឃល(Michael) បាន​មក​ប្រជុំ​យឺត។ គាត់​កំពុង​តែ​មាន​ភាព​តប់​ប្រម៉ល់ ដោយសារ​ការ​បាក់​បែក​ទំនាក់​ទំនង​ស្រាប់​ផង គាត់​ក៏​បាន​ព្យាយាម​គេច​ចេញ​ពី​ចរាចរណ៍​ដែល​កំពុង​តែ​កក​ស្ទះ ហើយ​ឡាន​គាត់​ក៏​បាន​បែក​កង់​ទៀត។ ពេល​ដែល​គាត់​កំពុង​តែ​ឈរយ៉ាង​អស់​សង្ឃឹម នៅ​ហាល​ភ្លៀង ស្រាប់​តែ​មាន​បុរស​ម្នាក់​ដើរ​ចេញ​ពី​ហ្វូង​មនុស្ស​មក  ហើយ​ក៏​បាន​បើក​គូទ​ឡាន​របស់​គាត់ រួច​ដូយ​ឡាន​នោះ​ឡើង ហើយ​ក៏​បាន​ផ្លាស់​កង់​ឡាន​ឲ្យ​គាត់។ ពេល​មៃឃល​ងាក​មក​រក​បុរស​នោះ ដើម្បី​ថ្លែង​អំណរ​គុណ គាត់​មិន​ដឹងថា​ បុរស​នោះ​បាន​ចាក​ចេញ​ទៅ​បាត់​តាំង​ពី​អង្កាល់​ទេ។

តើ​អ្នក​ជួយ​យក​អាសា​ដ៏​អាថ៌​កំបាំង​នោះ ជា​នរណា? តើ​ជា​មនុស្ស​ចម្លែក​ដែល​មាន​ចិត្ត​ល្អ ឬ​ជា​អ្វី​ផ្សេង?

នៅ​ប្រទេស​លោក​ខាង​លិច គេ​ចូល​ចិត្ត​គិត​ថា ទេវតា​មាន​ពន្លឺ​ភ្លឺ​ចែង​ចាំង ឬ​មាន​ស្លាប តែ​តាម​ពិត ទេវតា​មិន​តែង​តែ​បង្ហាញ​ខ្លួន​ឲ្យមនុស្ស​ឃើញ​ក្នុង​លក្ខណៈ​ដូច​នេះ​ឡើយ។ ទេវតា​ខ្លះ​មាន​សណ្ឋាន​បែប​នេះ​មែន​(អេសាយ ៦:២ និង​ម៉ាថាយ ២៨:៣) ទេវតាខ្លះ​មាន​ជើង​ប្រឡាក់​ដី ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​បរិភោគ​អាហារ​(លោកុប្បត្តិ ១៨:១-៥)  ហើយ​គេ​ងាយ​នឹង​មើល​ច្រឡំ(ពួកចៅហ្វាយ ១៣:១៦)។ អ្នក​និពន្ធ​បទ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទទួល​ស្វាគមន៍​អ្នក​ដទៃ ព្រោះ​ពេលខ្លះ​យើង​ប្រហែល​ជា​បាន​ស្វាគមន៍​ទេវតា ដោយ​មិន​ដឹង​ខ្លួន​ផង​(១៣:២)។

យើង​មិន​ដឹង​ថា អ្នក​ជួយ​យក​អសារ​លូវីស និង​លោក​មៃឃល ជា​ទេវតា​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ យោង​តាម​ព្រះ​គម្ពីរ អ្នក​នោះ​អាចជា​ទេវតា​មែន។ ទេវតា​របស់​ព្រះ កំពុង​តែ​ធ្វើ​ការ​របស់​ពួក​គេ ដោយ​ជួយ​យក​អសារ​រាស្រ្ត​ព្រះ​អង្គ(ហេព្រើរ ១:១៤)។ ហើយ​ពួកគេ​អាច​បង្ហាញ​ខ្លួន​មក ក្នុង​លក្ខណៈ​ជា​មនុស្ស​សាមញ្ញ​នៅ​តាម​ដង​ផ្លូវ។—SHERIDAN VOYSEY