មានថូផ្កាមួយធ្វើពីកែវថ្លា មានដាក់ផ្កាច័ន្ធូដែលមានរាងដូចជួង និងផ្កាធូលីពពណ៌ផ្កាស៊ីជម្ពូ ព្រមទំាងផ្កាដាហ្វូឌីលពណ៌លឿង កំពុងតែស្វាគមន៍អ្នកស្រីគីម នៅពីមុខផ្ទះគាត់។ មានអ្នកជឿព្រះយេស៊ូវម្នាក់ បានទិញផ្កាពីហាងផ្កាក្នុងតំបន់ ផ្ញើមកគាត់ជារៀងរាល់ខែ អស់រយៈពេល៧ខែ ដោយមិនបានបង្ហាញអត្តសញ្ញាណរបស់ខ្លួន។ អំណោយដ៏ស្រស់ស្អាតនេះបានមកដល់ផ្ទះគាត់រៀងរាល់លើក ដោយមានខគម្ពីរលើកទឹកចិត្តនៅក្នុងក្រដាស់មួយសន្លឹកជាប់មកជាមួយ ហើយមានហត្ថលេខា ដោយពាក្យថា “ដោយសេចក្តីស្រឡាញ់ ពីព្រះយេស៊ូវ”។
អ្នកស្រីគីមក៏បានចែករំលែករូបថតផ្កាដ៏អាថ៌កំបាំងនេះ នៅក្នុងហ្វេសប៊ុក។ ផ្កាទាំងនោះបានផ្តល់ឱកាសឲ្យគាត់អាចថ្លែងអំណរគុណ ចំពោះអំពើសប្បុរសធម៌របស់មនុស្សម្នាក់នោះ ព្រមទាំងទទួលស្គាល់ថា ព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់នាង តាមរយៈរាស្រ្តរបស់ព្រះអង្គ។ ពីមួយខែទៅមួយខែ ផ្កាដែលគេបានផ្ញើមកយ៉ាងអាថ៌កំបាំងនោះបានបណ្តាលឲ្យមិត្តភក្តិនាងអរព្រះគុណព្រះអង្គ សម្រាប់អំណោយនៃពេលវេលា ដែលព្រះអម្ចាស់បានប្រទានមកគាត់។ ពេលដែលគាត់បានទុកចិត្តព្រះអង្គ តាមរយៈការតយុទ្ធនឹងជម្ងឺដំណាក់កាលចុងក្រោយ ផ្កាដែលបានរីកនៅក្នុងថូនោះ និងក្រដាស់ដែលគេបានសរសេរជាប់មកជាមួយ បានបញ្ជាក់ថា ព្រះជាម្ចាស់នៅតែមានសេចក្តីអាណឹត និងស្រឡាញ់ចំពោះគាត់ជានិច្ច។
ការដែលអ្នកផ្ញើផ្កានោះបានលាក់អត្តសញ្ញាណយ៉ាងដូចនេះ គឺបានឆ្លុះបញ្ចាំង អំពីព្រះទ័យរបស់ព្រះយេស៊ូវ ដែលបានលើកទឹកចិត្តរាស្រ្តរបស់ព្រះអង្គ ឲ្យអនុវត្តយ៉ាងដូចនេះដែរ ពេលដែលពួកគេធ្វើទានដល់អ្នកដទៃ។ ព្រះអង្គបានព្រមានយើងថា យើងមិនត្រូវធ្វើការល្អនៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ(ម៉ាថាយ ៦:១)។ យើងត្រូវធ្វើអំពើល្អ ដើម្បីបង្ហាញចេញនូវការថ្វាយបង្គំ ដែលបង្ហូរចេញពីចិត្ត ដែលដឹងគុណព្រះ សម្រាប់ការទាំងអស់ដែលព្រះអង្គបានធ្វើសម្រាប់យើង។ បើយើងធ្វើការល្អ ដោយសង្ឃឹមថា អ្នកដទៃនឹងគោរព ឬសរសើរយើង នោះមានន័យថា យើងកំពុងតែងាកចេញពីព្រះយេស៊ូវ ដែលជាអ្នកប្រទានការល្អគ្រប់យ៉ាង។
ពេលណាយើងធ្វើការល្អ ដោយចិត្តជ្រះថ្លា(ខ.៤) នោះព្រះជាម្ចាស់ជ្រាបអំពីចិត្តរបស់យើង។ ព្រះអង្គគ្រាន់តែសព្វព្រះទ័យឲ្យយើងធ្វើអំពើសប្បុរសធម៌ ដោយសេចក្តីស្រឡាញ់ ដើម្បីថ្វាយសិរីល្អ ព្រះកិត្តិនាម និងការសរសើរដំកើងដល់ព្រះអង្គ។—XOCHITL DIXON