មាន​ថូផ្កា​មួយ​ធ្វើ​ពី​កែវ​ថ្លា មាន​ដាក់​ផ្កា​ច័ន្ធូ​ដែល​មាន​រាង​ដូច​ជួង និង​ផ្កា​ធូលីព​ពណ៌​ផ្កា​ស៊ី​ជម្ពូ ព្រម​ទំាង​ផ្កា​ដាហ្វូឌីល​ពណ៌​លឿង កំពុង​តែ​ស្វាគមន៍​អ្នក​ស្រី​គីម នៅ​ពី​មុខ​ផ្ទះ​គាត់។ មាន​អ្នក​ជឿ​ព្រះ​យេស៊ូវ​ម្នាក់ បាន​ទិញ​ផ្កា​ពី​ហាង​ផ្កា​ក្នុង​តំបន់ ផ្ញើ​មក​គាត់​ជា​រៀង​រាល់​ខែ អស់​រយៈ​ពេល​៧​ខែ ដោយ​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​របស់​ខ្លួន។ អំណោយ​ដ៏​ស្រស់​ស្អាត​នេះ​បាន​មក​ដល់​ផ្ទះ​គាត់រៀង​រាល់​លើក ដោយ​មាន​ខគម្ពីរ​លើក​ទឹក​ចិត្ត​នៅ​ក្នុង​ក្រដាស់​មួយ​សន្លឹក​ជាប់​មក​ជា​មួយ ហើយ​មាន​ហត្ថ​លេខា ដោយ​ពាក្យ​ថា “ដោយ​សេចក្តី​ស្រឡាញ់ ពី​ព្រះ​យេស៊ូវ”។

អ្នក​ស្រី​គីម​ក៏​បាន​ចែក​រំលែក​រូប​ថត​ផ្កា​ដ៏​អាថ៌​កំបាំង​នេះ នៅ​ក្នុង​ហ្វេស​ប៊ុក។ ផ្កា​ទាំង​នោះ​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់​អាច​ថ្លែង​អំណរ​គុណ ចំពោះ​អំពើ​សប្បុរស​ធម៌​របស់​មនុស្ស​ម្នាក់​នោះ ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះ​អង្គ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ ដល់​នាង តាម​រយៈ​រាស្រ្ត​របស់​ព្រះ​អង្គ។ ពី​មួយ​ខែ​ទៅ​មួយ​ខែ ផ្កា​ដែល​គេ​បាន​ផ្ញើ​មក​យ៉ាង​អាថ៌​កំបាំង​នោះ​បាន​បណ្តាល​ឲ្យមិត្ត​ភក្តិ​នាង​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​អំណោយ​នៃ​ពេល​វេលា ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​មក​គាត់​។ ពេល​ដែល​គាត់​បានទុក​ចិត្ត​ព្រះ​អង្គ តាម​រយៈ​ការ​តយុទ្ធ​នឹង​ជម្ងឺ​ដំណាក់​កាល​ចុង​ក្រោយ ផ្កា​ដែល​បាន​រី​កនៅ​ក្នុង​ថូ​នោះ និង​ក្រដាស់​ដែល​គេ​បាន​សរសេរ​ជាប់​មក​ជា​មួយ បាន​បញ្ជាក់​ថា ព្រះ​ជា​ម្ចាស់​នៅ​តែ​មាន​សេចក្តី​អាណឹត និង​ស្រឡាញ់​ចំពោះ​គាត់​ជា​និច្ច។

ការ​ដែល​អ្នក​ផ្ញើ​ផ្កា​នោះ​បាន​លាក់​អត្ត​សញ្ញាណ​យ៉ាង​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ ដែល​បាន​លើក​ទឹកចិត្ត​រាស្រ្ត​របស់​ព្រះ​អង្គ ឲ្យ​អនុវត្ត​យ៉ាង​ដូច​នេះ​ដែរ ពេល​ដែល​ពួក​គេ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ។ ព្រះ​អង្គ​បាន​ព្រមាន​យើង​ថា យើង​មិនត្រូវ​ធ្វើ​ការ​ល្អ​នៅ​មុខ​មនុស្ស ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ​(ម៉ាថាយ ៦:១)។ យើង​ត្រូវ​ធ្វើ​អំពើ​ល្អ ដើម្បី​បង្ហាញ​ចេញ​នូវ​ការថ្វាយ​បង្គំ ដែល​បង្ហូរ​ចេញ​ពី​ចិត្ត ដែល​ដឹង​គុណ​ព្រះ សម្រាប់​ការ​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង។ បើ​យើង​ធ្វើ​ការ​ល្អ ដោយ​សង្ឃឹម​ថា អ្នក​ដទៃ​នឹង​គោរព ឬ​សរសើរ​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ងាក​ចេញ​ពី​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​ប្រទានការ​ល្អ​គ្រប់​យ៉ាង។​

ពេល​ណា​យើង​ធ្វើ​ការ​ល្អ ដោយ​ចិត្ត​ជ្រះ​ថ្លា(ខ.៤) នោះ​ព្រះ​ជា​ម្ចាស់​ជ្រាប​អំពី​ចិត្ត​របស់​យើង។ ព្រះ​អង្គ​គ្រាន់​តែ​សព្វ​ព្រះ​ទ័យ​ឲ្យយើង​ធ្វើ​អំពើ​សប្បុរស​ធម៌ ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ថ្វាយ​សិរី​ល្អ ព្រះ​កិត្តិនាម និង​ការ​សរសើរ​ដំកើង​ដល់​ព្រះ​អង្គ។—XOCHITL DIXON