អ្នកប្រហែលជាធ្លាប់ឮគេនិយាយ អំពីប៉មផ្អៀងភីសាដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែ តើអ្នកធ្លាប់ឮគេនិយាយ អំពីប៉មផ្អៀង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូទេ? គេបានដាក់ឈ្មោះឲ្យប៉មនោះថា ប៉មសហស្សវត្សរ៍។ វាជាអគារ៥៨ជាន់ ដែលគេបានសាងសង់ ក្នុងឆ្នាំ២០០៨។ វាបានឈរ ដោយមោទនៈភាព នៅក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ តែវាផ្អៀងបន្តិច។
តើហេតុអ្វីបានជាវាផ្អៀង? គឺដោយសារពួកវិស្វករ មិនបានជីកគ្រឹះឲ្យមានជម្រៅ ដែលជ្រៅល្មមនឹងអាចឲ្យអគារនោះមានភាពរឹងមាំបាន។ ដូចនេះ គេកំពុងតែបង្ខំវិស្វករទាំងនោះ ឲ្យពង្រឹងគ្រឹះរបស់វាឲ្យបានរឹងមាំជាងមុន ដែលនោះជាការជួសជុល ដែលអាចអស់ទឹកប្រាក់ ច្រើនជាងការចំណាយទៅលើការសាងសង់អគារនេះទាំងស្រុង តាំងពីដើមដំបូងមក។ អ្នកខ្លះជឿថា វាជាការជួសជុលដ៏ចាំបាច់ ដើម្បីជួយការពារអគារនោះកុំឲ្យដួលរលំ ក្នុងអំឡុងពេលរញ្ជួយដី។
នេះជាមេរៀនដ៏ឈឺចាប់ សម្រាប់វិស្វករទាំងនោះ។ គ្រឹះពិតជាសំខាន់ចំពោះអគារណាស់។ ពេលដែលគ្រឹះរបស់អ្នកមិនរឹងមាំ គ្រោះមហន្តរាយអាចកើតឡើងបានយ៉ាងងាយ។ ព្រះយេស៊ូវបានបង្រៀនអំពីរឿងនេះ នៅក្នុងការអធិប្បាយរបស់ព្រះអង្គ នៅលើភ្នំ។ ក្នុងបទគម្ពីរម៉ាថាយ ៧:២៤-២៧ ព្រះអង្គបានប្រៀបធៀបអ្នកសង់ផ្ទះពីរនាក់ ដែលម្នាក់សង់ផ្ទះនៅលើថ្ម ហើយម្នាក់ទៀតសង់នៅលើដីខ្សាច់។ ពេលដែលខ្យល់ព្យុះបក់បោកមក មានតែផ្ទះដែលសង់នៅលើគ្រឹះរឹងមាំប៉ុណ្ណោះ ដែលអាចឈរនៅយ៉ាងមាំមួន។
តើអ្នកអាចរៀនសូត្រអ្វីខ្លះ ពីរឿងនេះ? ព្រះយេស៊ូវបានលើកឡើងយ៉ាងច្បាស់ថា ជីវិតរបស់យើងត្រូវតែសង់នៅលើការស្តាប់បង្គាប់ និងការទុកចិត្តព្រះអង្គ(ខ.២៤)។ ពេលណាយើងសម្រាកក្នុងព្រះអង្គ ជីវិតយើងអាចរកបានគ្រឹះដ៏រឹងមាំ តាមរយៈអំណាចចេស្តា និងព្រះគុណរបស់ព្រះអង្គ។
ព្រះគ្រីស្ទមិនបានសន្យាថា យើងនឹងរស់នៅ ដោយគ្មានព្យុះភ្លៀងក្នុងជីវិតនោះឡើយ។ ប៉ុន្តែ ព្រះអង្គពិតជាបានមានបន្ទូលថា ពេលណាយើងអនុញ្ញាតឲ្យព្រះអង្គធ្វើជាថ្មដារបស់យើង ខ្យល់ព្យុះ និងទឹកជំនន់ទាំងនោះ នឹងមិនអាចជីករំលើងគ្រឹះដែលបានពង្រឹងដោយជំនឿ ក្នុងព្រះអង្គនោះឡើយ។ —ADAM HOLZ