អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ អំពី​ប៉ម​ផ្អៀង​ភីសា​ដ៏​ល្បី​ល្បាញ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ប៉ុន្តែ តើ​អ្នក​ធ្លាប់​ឮ​គេ​និយាយ អំពី​ប៉ម​ផ្អៀង នៅ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ​ទេ? គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ប៉ម​នោះ​ថា​  ប៉ម​សហស្សវត្សរ៍។ វា​ជា​អគារ​៥៨​ជាន់ ដែល​គេ​បាន​សាង​សង់ ក្នុង​ឆ្នាំ​២០០៨។ វា​បាន​ឈរ ដោយ​មោទនៈ​ភាព នៅ​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​នៃ​ទីក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ តែវា​ផ្អៀង​បន្តិច។

តើ​ហេតុ​អ្វី​បាន​ជា​វា​ផ្អៀង? គឺ​ដោយ​សារ​ពួក​វិស្វករ មិន​បាន​ជីក​គ្រឹះ​ឲ្យ​មាន​ជម្រៅ ដែល​ជ្រៅ​ល្មម​នឹង​អាច​ឲ្យ​អគារ​នោះ​មាន​ភាពរឹង​មាំ​បាន។ ដូច​នេះ គេ​កំពុង​តែ​បង្ខំ​វិស្វករ​ទាំង​នោះ ឲ្យ​ពង្រឹង​គ្រឹះ​របស់​វា​ឲ្យ​បាន​រឹង​មាំ​ជាង​មុន ដែល​នោះ​ជា​ការ​ជួស​ជុល ដែល​អាច​អស់​ទឹក​ប្រាក់ ច្រើន​ជាង​ការ​ចំណាយ​ទៅ​លើ​ការ​សាង​សង់​អគារ​នេះ​ទាំង​ស្រុង តាំង​ពី​ដើម​ដំបូង​មក។ អ្នក​ខ្លះ​ជឿ​ថា វា​ជា​ការជួស​ជុល​ដ៏​ចាំ​បាច់ ដើម្បី​ជួយ​ការពារ​អគារ​នោះ​កុំ​ឲ្យ​ដួល​រលំ ក្នុង​អំឡុង​ពេល​រញ្ជួយ​ដី។

នេះ​ជា​មេរៀន​ដ៏​ឈឺ​ចាប់ សម្រាប់​វិស្វករ​ទាំង​នោះ។ គ្រឹះ​ពិត​ជា​សំខាន់​ចំពោះ​អគារ​ណាស់។ ពេល​ដែល​គ្រឹះ​របស់​អ្នក​មិន​រឹង​មាំ គ្រោះ​មហន្ត​រាយ​អាច​កើត​ឡើង​បាន​យ៉ាង​ងាយ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​អំពី​រឿង​នេះ នៅ​ក្នុង​ការ​អធិប្បាយ​របស់​ព្រះ​អង្គ នៅ​លើ​ភ្នំ។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៧:២៤-២៧ ព្រះ​អង្គ​បាន​ប្រៀប​ធៀប​អ្នក​សង់​ផ្ទះ​ពីរ​នាក់​​ ដែល​ម្នាក់​សង់​ផ្ទះ​នៅ​លើ​ថ្ម ហើយ​ម្នាក់​ទៀត​សង់​នៅ​លើ​ដី​ខ្សាច់។ ពេល​ដែល​ខ្យល់​ព្យុះ​បក់​បោក​មក មាន​តែ​ផ្ទះ​ដែល​សង់​នៅ​លើ​គ្រឹះ​រឹង​មាំ​ប៉ុណ្ណោះ ដែល​អាច​ឈរ​នៅយ៉ាង​មាំ​មួន។​

តើ​អ្នក​អាច​រៀន​សូត្រ​អ្វី​ខ្លះ ពី​រឿង​នេះ? ព្រះ​យេស៊ូវ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ជីវិត​របស់​យើង​ត្រូវ​តែ​សង់​នៅ​លើ​ការ​ស្តាប់បង្គាប់ និង​ការ​ទុក​ចិត្ត​ព្រះ​អង្គ​(ខ.២៤)។ ពេល​ណា​យើង​សម្រាក​ក្នុង​ព្រះ​អង្គ ជីវិត​យើង​អាច​រក​បាន​គ្រឹះ​ដ៏​រឹង​មាំ តាម​រយៈ​អំណាច​ចេស្តា និង​ព្រះ​គុណ​របស់​ព្រះ​អង្គ។

ព្រះ​គ្រីស្ទ​មិន​បាន​សន្យា​ថា យើង​នឹង​រស់​នៅ ដោយ​គ្មាន​ព្យុះ​ភ្លៀង​ក្នុង​ជីវិត​នោះ​ឡើយ។ ប៉ុន្តែ ព្រះ​អង្គ​ពិត​ជា​បាន​មាន​បន្ទូល​ថា ពេល​ណា​យើង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ធ្វើ​ជា​ថ្ម​ដា​របស់​យើង ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ទាំង​នោះ នឹង​មិន​អាច​ជីក​រំលើង​គ្រឹះ​ដែល​បាន​ពង្រឹង​ដោយ​ជំនឿ ក្នុង​ព្រះអង្គនោះឡើយ។ —ADAM HOLZ