មនុស្សបាននិយាយតគ្នាពីមាត់មួយទៅមាត់មួយថា នៅចុងផែនទីនៃមជ្ឈិមសម័យ មានព្រំប្រទល់នៃចុងបំផុតនៃពិភពលោក ដែលអ្នកបង្កើតផែនទីនោះបានគិតថា បើគេឆ្លងកាត់ព្រំប្រទល់នោះ គឺនឹងជួយរឿងជាច្រើនដែលមិនអាចពិពណ៌នាបាន។ គេនឹងជួបសត្វនាគ ហើយជាញឹកញាប់ គេក៏បានពិពណ៌នាផងដែរថា មានសត្វចម្លែកដ៏គួរឲ្យភ័យខ្លាច កំពុងតែសម្ងំចាំវាយឆ្មក់មនុស្ស។
មានភស្តុតាងមិនច្រើនទេ ដែលបានបញ្ជាក់ថា អ្នកគូផែនទីនៅមជ្ឈិមសម័យ ពិតជាបានប្រឌិតរឿងនេះ ប៉ុន្តែ ខ្ញុំចូលចិត្តគិតថា ពួកគេអាចសរសេរយ៉ាងដូចនេះមែន។ បើសិនខ្ញុំជាពួកគេវិញ ខ្ញុំក៏ប្រហែលគិតដូចមនុស្សនៅសម័យនោះផងដែរ ហើយខ្ញុំក៏នឹងសរសេរផងដែរថា នៅទីនោះ “មានសត្វនាគដ៏កាចសាហាវ” ដើម្បីធ្វើការដាស់តឿនមនុស្សកុំឲ្យផ្សងគ្រោះថ្នាក់ ធ្វើដំណើរទៅតំបន់ដ៏ធំល្វឹងល្វើយ ដែលគេមិនដែលឃើញនរណាម្នាក់ទៅដល់ ព្រោះពួកគេមិនទំនងជាជួបរឿងល្អទេ។
ប៉ុន្តែ វាជារឿងធម្មតាទេ ដែលមនុស្សយើងចូលចិត្តការពារខ្លួនឯង និងជៀសវាងការប្រថុយប្រថាន តែខ្ញុំក៏ត្រូវមានសេចក្តីក្លាហាន នៅក្នុងការធ្វើកិច្ចការអ្វីមួយ ដែលព្រះទ្រង់បានត្រាស់ហៅឲ្យខ្ញុំធ្វើផងដែរ(២ធីម៉ូថេ ១:៧)។
សាវ័កប៉ុលបានពន្យល់ថា នៅក្នុងលោកិយ៍ដែលមានបាប ការដើរតាមព្រះយេស៊ូវ ដោយចិត្តក្លាហាន អាចជួបរឿងឈឺចាប់ នៅពេលខ្លះ(ខ.៨)។ ប៉ុន្តែ រឿងអីដែលយើងមិនអាចដើរតាមព្រះអង្គ បើសិនជាព្រះអង្គបាននាំយើងចេញពីសេចក្តីស្លាប់ ចូលទៅក្នុងជីវិត ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង ហើយធ្វើការតាមរយៈយើងហើយនោះ(ខ.៩-១០,១៤)?
ពេលណាព្រះជាម្ចាស់ប្រទានយើងនូវអំណោយដ៏អស្ចារ្យនេះហើយ យើងមិនត្រូវរាថយ ដោយការភ័យខ្លាចឡើយ។ ព្រោះការរាថយដូចនេះ គឺអាក្រក់ជាងទុក្ខលំបាកដែលយើងនឹងជួប ក្នុងការដើរតាមការដឹកនាំរបស់ព្រះយេស៊ូវ ចូលទឹកដីដែលយើងមិនស្គាល់(ខ.៦-៨,១២)។ យើងអាចទុកចិត្តព្រះអង្គ ដោយថ្វាយចិត្ត និងអនាគតរបស់យើង ឲ្យព្រះអង្គគ្រប់គ្រង និងសម្រេចតាមបំណងព្រះទ័យព្រះអង្គ(ខ.១២)។ —MONICA BRANDS