មនុស្ស​បាន​និយាយ​តគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នៅ​ចុង​ផែន​ទី​នៃ​មជ្ឈិម​សម័យ មាន​ព្រំប្រទល់​នៃ​ចុង​បំផុត​នៃ​ពិភព​លោក ដែល​អ្នក​បង្កើត​ផែន​ទី​នោះ​បាន​គិត​ថា បើ​គេ​ឆ្លង​កាត់​ព្រំ​ប្រទល់​នោះ គឺ​នឹង​ជួយ​រឿង​ជា​ច្រើន​ដែល​មិន​អាច​ពិពណ៌នា​បាន។ គេ​នឹង​ជួប​សត្វ​នាគ ហើយ​ជា​ញឹក​ញាប់ គេ​ក៏​បាន​ពិពណ៌នា​ផង​ដែរ​ថា មាន​សត្វ​ចម្លែក​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច កំពុង​តែ​សម្ងំ​ចាំ​វាយ​ឆ្មក់​មនុស្ស។

មាន​ភស្តុតាង​មិន​ច្រើន​ទេ ដែល​បាន​បញ្ជាក់​ថា អ្នក​គូផែនទី​នៅ​មជ្ឈិម​សម័យ ពិត​ជា​បាន​ប្រឌិត​រឿង​នេះ ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​គិត​ថា ពួក​គេ​អាច​សរសេរ​យ៉ាង​ដូច​នេះ​មែន។ បើ​សិន​ខ្ញុំ​ជា​ពួក​គេ​វិញ ខ្ញុំ​ក៏​ប្រហែល​គិត​ដូច​មនុស្ស​នៅ​សម័យ​នោះ​ផង​ដែរ ហើយ​ខ្ញុំ​ក៏នឹង​សរសេរ​ផង​ដែរ​ថា នៅ​ទីនោះ “មាន​សត្វ​នាគ​ដ៏​កាច​សាហាវ” ដើម្បី​ធ្វើ​ការ​ដាស់​តឿន​មនុស្ស​កុំ​ឲ្យ​ផ្សង​គ្រោះ​ថ្នាក់ ធ្វើ​ដំណើរទៅ​តំបន់​ដ៏​ធំ​ល្វឹង​ល្វើយ ដែល​គេ​មិន​ដែល​ឃើញ​នរណា​ម្នាក់​ទៅ​ដល់ ព្រោះ​ពួក​គេ​មិន​ទំនង​ជា​ជួប​រឿង​ល្អ​ទេ។​

ប៉ុន្តែ វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​យើង​ចូល​ចិត្ត​ការពារ​ខ្លួន​ឯង និង​ជៀស​វាង​ការ​ប្រថុយ​ប្រថាន តែ​ខ្ញុំ​ក៏​ត្រូវ​មាន​សេចក្តី​ក្លា​ហាន នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​អ្វី​មួយ ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ឲ្យ​ខ្ញុំ​ធ្វើ​ផង​ដែរ​(២ធីម៉ូថេ ១:៧)។

សាវ័ក​ប៉ុល​បាន​ពន្យល់​ថា នៅ​ក្នុង​លោកិយ៍​ដែល​មាន​បាប ការ​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ចិត្ត​ក្លាហាន អាច​ជួប​រឿង​ឈឺ​ចាប់ នៅ​ពេល​ខ្លះ(ខ.៨)។ ប៉ុន្តែ រឿង​អី​ដែល​យើង​មិន​អាច​ដើរ​តាម​ព្រះ​អង្គ បើ​សិន​ជា​ព្រះ​អង្គ​បាន​នាំ​យើង​ចេញ​ពី​សេចក្តី​ស្លាប់ ចូល​ទៅក្នុង​ជីវិត ហើយ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​យើង ហើយ​ធ្វើ​ការ​តាម​រយៈ​យើង​ហើយ​នោះ​(ខ.៩-១០,១៤)?

ពេល​ណា​ព្រះ​ជាម្ចាស់​ប្រទាន​យើង​នូវ​អំណោយ​ដ៏​អស្ចារ្យ​នេះ​ហើយ យើង​មិន​ត្រូវ​រាថយ ដោយ​ការ​ភ័យ​ខ្លាច​ឡើយ។ ព្រោះ​ការ​រាថយ​​ដូច​នេះ គឺ​អាក្រក់​ជាង​ទុក្ខ​លំបាក​ដែល​យើង​នឹង​ជួប ក្នុង​ការ​ដើរ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូវ ចូល​​ទឹក​ដី​ដែល​យើង​មិន​ស្គាល់​(ខ.៦-៨,១២)។ យើង​អាច​ទុក​ចិត្ត​ព្រះ​អង្គ ដោយ​ថ្វាយ​ចិត្ត និង​អនាគត​របស់​យើង ​ឲ្យ​ព្រះ​អង្គ​គ្រប់​គ្រង និង​សម្រេច​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​(ខ.១២)។ —MONICA BRANDS