មានពេលមួយ អេលដុន(Eldon) ដែលជាក្មេងអាយុ៥ឆ្នាំ បានស្តាប់លោកគ្រូគង្វាលជជែកគ្នា អំពីព្រះយេស៊ូវ ដែលបានយាងចុះពីស្ថានសួគ៌មកផែនដី។ អេដុនក៏បានដកដង្ហើមធំ ពេលដែលលោកគ្រូគង្វាលអធិស្ឋានអរព្រះគុណព្រះអង្គ សម្រាប់ការសុគត ជំនួសយើងរាល់គ្នា។ ក្មេងប្រុសម្នាក់នេះក៏បាននិយាយ ដោយការភ្ញាក់ផ្អើលថា “អូហ៍ទេ តើព្រះអង្គសុគតមែនឬ?”
ចាប់តាំងពីពេលដែលព្រះយេស៊ូវបានប្រសូតនៅលើផែនដី មានមនុស្សដែលចង់ឲ្យព្រះអង្គសុគត។ ពួកអ្នកប្រាជ្ញបានមកទីក្រុងយេរូសាឡិម ក្នុងអំឡុងរាជនៃស្តេចហេរ៉ូឌ ហើយបានសួរគេថា “តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់”(ម៉ាថាយ ២:២)។ ពេលស្តេចហេរ៉ូឌជ្រាបអំពីរឿងនេះ ទ្រង់ក៏មានការភ័យខ្លាចថា ថ្ងៃមួយ ព្រះយេស៊ូវនឹងដណ្តើមរាជរបស់ទ្រង់មិនខាន។ ហេតុនេះហើយ ទ្រង់ក៏បានចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសទាំងអស់ នៅភូមិបេថ្លេហិម ដែលមានអាយុចាប់ពី២ឆ្នាំចុះក្រោម។ ប៉ុន្តែ ព្រះជាម្ចាស់បានការពារព្រះរាជបុត្រាទ្រង់ ដោយចាត់ទេវតាមួយអង្គ ឲ្យមកដាស់តឿនឪពុកម្តាយទ្រង់ ឲ្យចាកចេញពីតំបន់នោះ។ ពួកគេក៏បានភាសខ្លួន ហើយព្រះអង្គក៏បានរួចផុតពីការតាមសម្លាប់នៅពេលនោះ(ខ.១៣-១៨)។
ព្រះយេស៊ូវក៏បានបញ្ចប់ព្រះរាជកិច្ចរបស់ព្រះអង្គដោយជោគជ័យ ដោយសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សឲ្យរួចពីបាប។ គេបានចម្អកឲ្យទ្រង់ ដោយដាក់ផ្លាកពីលើឈើឆ្កាងទ្រង់ ដោយមានអក្សរសរសេរថា “នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា”(២៧:៣៧)។ ប៉ុន្តែ បីឆ្នាំថ្ងៃក្រោយមក ព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញ ដោយជ័យជម្នះ។ បន្ទាប់ពីព្រះអង្គបានយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ ព្រះអង្គបានគង់នៅលើបល្ល័ង្ក ធ្វើជាស្តេចលើអស់ទាំងស្តេច(ភីលីព ២:៨-១១)។
ព្រះដ៏ជាស្តេចបានសុគត ដើម្បីលោះបាបយើងរាល់គ្នា។ ចូរយើងអនុញ្ញាតឲ្យព្រះអង្គសោយរាជលើចិត្តរបស់យើងផងដែរ។—ANNE CETAS