លោកវ៉ររិន ហ្វេដលេយ(Warren Faidley) ដែលជាអ្នកថតរូបសម្រាប់សារពត៌មាន និងជាអ្នកដេញតាមខ្យល់ព្យុះបាននិយាយថា “ជាញឹកញ៉ាប់ ការដេញតាមខ្យល់កួចយក្សថូនេដូ គឺប្រៀបបាននឹងការលេងអុកដ៏ធំសម្បើមមួយ នៅលើផ្ទៃដីរាប់ពាន់គីឡូម៉ែត្រការេ”។ គាត់ក៏បាននិយាយបន្ថែមទៀតថា ការដេញតាមខ្យល់កួចយក្ស ឲ្យចំពេល និងចំទីកន្លែង គឺប្រៀបបាននឹងការប្រគុំបទភ្លេង ដោយការព្យាការណ៍ និងរកមើលផ្លូវ ខណៈពេលដែលគាត់ត្រូវព្យាយាមគេចដុំទឹកកកដែលធំប៉ុនកដៃ ធ្លាក់ពីលើមេឃមក និងគេចឧបករណ៍សម្រាប់ធ្វើស្រែចំការ ដែលកំពុងតែហោះយឺតៗតាមកម្លាំងខ្យល់កួច។
ពាក្យសម្តីរបស់លោកហ្វេដលេយ បានធ្វើឲ្យខ្ញុំមានអារម្មណ៍បុកពោះ ដោយចង្វាក់បេះដូងលោតកាន់តែលឿន។ ខ្ញុំក៏បានស្ងើចសរសើរអ្នកដេញតាមខ្យល់កូចយក្ស ដែលមានចិត្តក្លាហាន នៅក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត តែទន្ទឹមនឹងនោះ ខ្ញុំក៏បានដឹងផងដែរថា ខ្ញុំមិនចង់ចូលទៅក្នុងកណ្តាលបាតុភូតិធម្មជាតិ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ តាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំមិនចាំបាច់ត្រូវដេញតាមខ្យល់ព្យុះណាមួយឡើយ ព្រោះពួកវាហាក់ដូចជាចេះតែដេញតាមខ្ញុំស្រាប់ហើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ជំពូក១០៧ ដែលបានពិពណ៌នា អំពីនាវិក ដែលកំពុងតែជាប់នៅក្នុងខ្យល់ព្យុះ។ ពួកគេកំពុងតែទទួលផលវិបាកពីការសម្រេចចិត្តខុស ប៉ុន្តែ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានមានប្រសាសន៍ថា “គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ។ ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ។ នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ”(ទំនុកដំកើង ១០៧:២៨-៣០)។
ខ្យល់ព្យុះនៃជីវិតរបស់យើងអាចកើតឡើងពីទង្វើរបស់យើង ឬដោយសារយើងកំពុងតែរស់នៅក្នុងលោកិយ ដែលមានពេញដោយអំពើបាប តែទោះជាយ៉ាងណាក៏ដោយ ព្រះវរបិតានៃយើង ទ្រង់ធំជាងខ្យល់ព្យុះទាំងអស់ក្នុងជីវិតយើង។ ពេលណាខ្យល់ព្យុះដេញតាមយើង មានតែព្រះអង្គទេ ដែលអាចធ្វើឲ្យវាស្ងប់បាន។—BILL CROWDER