លោក​វ៉ររិន ហ្វេដលេយ(Warren Faidley) ដែល​ជា​អ្នក​ថត​រូប​សម្រាប់​សារ​ពត៌​មាន និង​ជា​អ្នក​ដេញ​តាម​ខ្យល់​ព្យុះ​បាននិយាយ​ថា “ជា​ញឹក​ញ៉ាប់ ការ​ដេញ​តាម​ខ្យល់​កួច​យក្ស​ថូនេដូ គឺ​ប្រៀប​បាន​នឹង​ការ​លេង​អុក​ដ៏​ធំ​សម្បើម​មួយ នៅ​លើ​ផ្ទៃ​ដី​រាប់​ពាន់គីឡូ​ម៉ែត្រ​ការេ”។ គាត់​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា ការ​ដេញ​តាម​ខ្យល់​កួច​យក្ស ឲ្យ​ចំ​ពេល និង​ចំ​ទីកន្លែង គឺ​ប្រៀប​បាន​នឹង​ការប្រគុំ​បទ​ភ្លេង ដោយ​ការ​ព្យាការណ៍ និង​រក​មើល​ផ្លូវ ខណៈ​ពេល​ដែល​គាត់​ត្រូវ​ព្យាយាម​គេច​ដុំ​ទឹកកក​ដែល​ធំ​ប៉ុន​កដៃ ធ្លាក់​ពី​លើមេឃ​មក និង​គេច​ឧបករណ៍​សម្រាប់​ធ្វើ​ស្រែ​ចំការ ដែល​កំពុង​តែ​ហោះ​យឺត​ៗ​តាម​កម្លាំង​ខ្យល់​កួច។

ពាក្យ​សម្តី​របស់​លោក​ហ្វេដ​លេយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បុក​ពោះ ដោយ​ចង្វាក់​បេះ​ដូង​លោត​កាន់​តែ​លឿន។ ខ្ញុំ​ក៏​បាន​ស្ងើច​សរសើរ​អ្នក​ដេញ​តាម​ខ្យល់​កូច​យក្ស ដែល​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្រ្ត តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ដឹងផង​ដែរ​ថា ខ្ញុំ​មិន​ចង់​ចូល​ទៅ​ក្នុង​កណ្តាល​បាតុ​ភូតិ​ធម្ម​ជាតិ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ដេញ​តាម​ខ្យល់​ព្យុះ​ណា​មួយ​ឡើយ ព្រោះ​ពួក​វា​ហាក់​ដូច​ជា​ចេះ​តែ​ដេញ​តាម​ខ្ញុំ​ស្រាប់​ហើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ ដែល​បាន​ពិពណ៌នា អំពី​នាវិក ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​ខ្យល់​ព្យុះ។ ពួក​គេ​កំពុង​តែ​ទទួល​ផល​វិបាក​ពី​ការ​សម្រេច​ចិត្ត​ខុស ប៉ុន្តែ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​មាន​ប្រសាសន៍​ថា “គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ។ ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ។ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ទំនុកដំកើង ១០៧:២៨-៣០)។

ខ្យល់​ព្យុះ​នៃ​ជីវិត​របស់​យើង​អាច​កើត​ឡើង​ពី​ទង្វើ​របស់​យើង ឬ​ដោយ​សារ​យើង​កំពុង​តែ​រស់​នៅ​ក្នុង​លោកិយ ដែល​មាន​ពេញដោយ​អំពើ​បាប​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​វរបិតា​នៃ​យើង ទ្រង់​ធំ​ជាង​ខ្យល់​ព្យុះ​ទាំង​អស់​ក្នុង​ជីវិត​យើង។ ពេល​ណា​ខ្យល់​ព្យុះ​ដេញ​តាម​យើង មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​ធ្វើ​ឲ្យ​វា​ស្ងប់​បាន។—BILL CROWDER