បន្ទាប់ពីលោកជីម អេលាត(Jim Elliot) និងបេសកជនបួននាក់ទៀត ត្រូវកុលសម្ព័ន្ធហួអូរ៉ានីសម្លាប់ កាលពីឆ្នាំ១៩៥៦ គ្មាននរណាម្នាក់ដឹងថា នឹងមានរឿងអ្វីកើតឡើងទៀតទេ។ អ្នកស្រីអេលីហ្សាបិតដែលជាភរិយារបស់គាត់ និងកូនស្រីរបស់ពួកគេ ព្រមទាំងបងប្អូនស្រី ដែលជាបេសកជនម្នាក់ទៀត បានសម្រេចចិត្តរស់នៅ ក្នុងចំណោមក្រុមមនុស្ស ដែលបានសម្លាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ពួកគេបានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងការរស់នៅ ក្នុងសហគមន៍របស់កុលសម្ព័ន្ធហួអូរ៉ានី ដោយរៀនភាសារបស់ពួកគេ និងបកប្រែព្រះគម្ពីរ សម្រាប់ពួកគេ។ ទីបន្ទាល់នៃការអត់ទោស និងសេចក្តីសប្បុរសរបស់ស្រ្តីទំាងនេះបានធ្វើឲ្យកុលសម្ព័ន្ធមួយនេះ ជឿថា ព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ចំពោះពួកគេ ហើយជនកុលសម្ព័ន្ធជាច្រើននាក់ ក៏បានទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ។
អ្វីដែលអ្នកស្រីអេលីហ្សាបិត និងមិត្តភក្តិរបស់គាត់បានធ្វើ គឺជាគំរូដ៏អស្ចារ្យ នៃការធ្វើការល្អ តបស្នងការអាក្រក់ (រ៉ូម ១២:១៧)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំ នៅទីក្រុងរ៉ូម ឲ្យធ្វើការល្អ ដើម្បីបង្ហាញចេញនូវការផ្លាស់ប្រែ ដែលព្រះបានប្រទានក្នុងជីវិតពួកគេ។ ហេតុអ្វីបានជាគាត់លើកទឹកចិត្តគេឲ្យអនុវត្តដូចនេះ? ព្រោះពួកគេត្រូវជម្នះចិត្តពីកំណើត ដែលចេះតែចង់សងសឹក ហើយផ្ទុយទៅវិញ ពួកគេត្រូវបង្ហាញចេញនូវសេចក្តីស្រឡាញ់ ចំពោះខ្មាំងសត្រូវរបស់ពួកគេ ដោយបំពេញតម្រូវការរបស់ពួកគេ ដោយផ្តល់ឲ្យនូវអាហារ និងទឹកជាដើម។
សាវ័កប៉ុលបានដកស្រង់បទគម្ពីរសុភាសិត នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានចែងថា “បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង”(ខ.២០ សុភាសិត ២៥:២១-២២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែបង្ហាញថា សេចក្តីសប្បុរសដែលគ្រីស្ទបរិស័ទផ្តល់ឲ្យខ្មាំងសត្រូវរបស់ខ្លួន អាចឈ្នះចិត្តរបស់ពួកគេ ហើយបញ្ឆេះភ្លើងនៃការប្រែចិត្ត នៅក្នុងចិត្តរបស់ពួកគេ។—ESTERA PIROSCA ESCOBAR