នៅភូមិភាគខាងជើងនៃប្រទេសថៃ ក្រុមបាល់ទាត់ក្មេងជំទង់ ដែលមានរហ័សនាមថា ក្រុមជ្រូកព្រៃ បានសម្រេចចិត្តនាំគ្នាចូលទស្សនារូងភ្នំមួយ។ មួយម៉ោងក្រោយមក ពួកគេក៏បាននាំគ្នាចេញមកខាងក្រៅវិញ តែក៏បានដឹងថា ច្រកចេញទៅខាងក្រៅរូងភ្នំនោះត្រូវបានទឹកជន់លិចហើយ។ ទឹកក៏បានជន់ឡើងកាន់តែខ្លាំង ធ្វើឲ្យពួកគេដកថយ ចូលទៅក្នុងរូងភ្នំកាន់តែជ្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ចម្ងាយប្រហែល៤គីឡូម៉ែត្រពីមាត់រូង។ ពីរសប្តាហ៍ក្រោយមក គេក៏បាននាំពួកគេចេញមកខាងក្រៅ ក្នុងប្រតិបត្តិការណ៍ជួយសង្រ្គោះដ៏ក្លាហាន។ ពេលនោះ មនុស្សជាច្រើនបានឆ្ងល់ថា តើមានអ្វីបណ្តាលឲ្យពួកគេជាប់ខ្លួននៅក្នុងរូងភ្នំ ដោយភាពអស់សង្ឃឹមយ៉ាងនេះ? ចម្លើយនោះគឺ ពួកគេបានជាប់នៅក្នុងរូងភ្នំនោះ ម្តងបន្តិចៗ រហូតដល់ចេញមកក្រៅ វិញលែងរួច។
នៅនគរអ៊ីស្រាអែលកាលពីសម័យដើម មានពេលមួយលោកណាថាន់បានទៅប្រឈមមុខដាក់ស្តេចដាវីឌ ពីរឿងដែលទ្រង់បានសម្លាប់លោកអ៊ូរីដែលជាទាហានដ៏ស្មោះត្រង់របស់ទ្រង់។ តើមនុស្សដែល “ត្រូវនឹងព្រះទ័យរបស់ព្រះ”(១សំាយ៉ូអែល ១៣:១៤) បានក្លាយជាឃាតករដោយរបៀបណា? ចម្លើយនោះគឺ ទ្រង់បានធ្លាក់ចូលទៅក្នុងរឿងនេះបន្តិចម្តងៗរហូតដល់មិនអាចបកក្រោយបាន។ ជាការពិតណាស់ ស្តេចដាវីឌមិនបានសម្រេចផែនការសម្លាប់លោកអ៊ូរីភ្លាមៗនោះទេ។ ទំរាំតែទ្រង់សម្រេចព្រះទ័យសម្លាប់គាត់ ទ្រង់បានចាប់ផ្តើមពីចំណុចមួយ ចូលទៅចំណុចមួយទៀត រហូតឈានដល់ការកំចាយឈាម។ ពីដំបូងទ្រង់បានឃើញប្រពន្ធរបស់គាត់ ធ្វើឲ្យទ្រង់មានតម្រេកចង់បាននាង។ ទ្រង់បានប្រើអំណាចទ្រង់ជាស្តេច ក្នុងផ្លូវខុស ដោយឲ្យគេទៅនាំនាងបាតសេបាមកជួបទ្រង់ បន្ទាប់មក ទ្រង់ក៏បានព្យាយាមលាក់បាំងរឿងដែលនាងមានកូនជាមួយទ្រង់ ដោយបញ្ជាប្តីរបស់នាងឲ្យវិលត្រឡប់ពីសមរភូមិវិញជាបន្ទាន់។ ពេលដែលលោកអ៊ូរីមិនព្រមទៅរួមដំណេកជាមួយប្រពន្ធរបស់ខ្លួន ខណៈពេលដែលមិត្តរួមអាវុធ កំពុងតែជាប់ដៃប្រយុទ្ធក្នុងសង្រ្គាម ស្តេចដាវីឌក៏បានសម្រេចព្រះទ័យសម្លាប់គាត់តែម្តង។
យើងប្រហែលជាមិនដែលបានសម្លាប់នរណាម្នាក់ ឬធ្លាប់ជាប់ខ្លួននៅក្នុងរូងភ្នំ ដោយសារកំហុសខ្លួនឯងនោះទេ ប៉ុន្តែ ទោះជាយើងបានធ្វើអ្វីខុសក៏ដោយ យើងត្រូវងាកទៅរកព្រះយេស៊ូវ ពុំនោះទេ យើងនឹងនៅជាប់នៅក្នុងបញ្ហារបស់យើង ដោយដកខ្លួនចេញមិនរួច។ បញ្ហាធំៗមិនបានកើតឡើងភ្លាមៗឡើយ។ តែជាទូទៅវាកើតឡើងចំពោះយើងបន្តិចម្តងៗ មួយជំហានម្តងៗ ទាល់តែយើងជួបភាពទាល់ច្រក។—MIKE WITTMER