នៅ​ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ ក្រុម​បាល់​ទាត់​ក្មេង​ជំទង់ ដែល​មាន​រហ័ស​នាម​ថា ក្រុម​ជ្រូក​ព្រៃ បាន​សម្រេច​ចិត្ត​នាំ​គ្នា​ចូល​ទស្សនា​រូង​ភ្នំ​មួយ។ មួយ​ម៉ោង​ក្រោយ​មក ពួក​គេ​ក៏​បាន​នាំ​គ្នា​ចេញ​មក​ខាង​ក្រៅ​វិញ តែ​ក៏​បាន​ដឹង​ថា ច្រក​ចេញ​ទៅ​ខាង​ក្រៅ​រូង​ភ្នំនោះ​ត្រូវ​បាន​ទឹក​ជន់​លិច​ហើយ​។ ទឹក​ក៏​បាន​ជន់​ឡើង​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​ពួក​គេ​ដក​ថយ​ ចូល​ទៅ​ក្នុង​រូង​ភ្នំ​កាន់​តែ​ជ្រៅ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ រហូត​ដល់​ចម្ងាយ​ប្រហែល​៤​គីឡូម៉ែត្រ​ពី​មាត់​រូង។ ពីរ​សប្តាហ៍​ក្រោយ​មក គេ​ក៏​បាន​នាំ​ពួក​គេ​ចេញ​មក​ខាង​ក្រៅ ក្នុង​ប្រតិបត្តិ​ការណ៍​ជួយ​សង្រ្គោះ​ដ៏​ក្លាហាន។ ពេល​នោះ មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា តើ​មាន​អ្វី​បណ្តាល​ឲ្យ​ពួក​គេ​ជាប់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ ដោយ​ភាព​អស់​សង្ឃឹម​យ៉ាង​នេះ? ចម្លើយ​នោះ​គឺ ពួក​គេ​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​នោះ ម្តង​បន្តិច​ៗ រហូត​ដល់​ចេញ​មក​ក្រៅ វិញ​លែង​រួច។

នៅ​នគរ​អ៊ីស្រាអែល​កាល​ពី​សម័យ​ដើម មាន​ពេល​មួយ​លោក​ណាថាន់​បាន​ទៅ​ប្រឈម​មុខ​ដាក់​ស្តេច​ដាវីឌ ពី​រឿង​ដែល​ទ្រង់​បាន​សម្លាប់លោក​អ៊ូរី​ដែល​ជា​ទាហាន​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។ តើ​មនុស្ស​ដែល “ត្រូវ​នឹង​ព្រះ​ទ័យ​របស់​ព្រះ”(១សំាយ៉ូអែល ១៣:១៤) បាន​ក្លាយ​ជា​ឃាតករ​ដោយ​របៀប​ណា?​ ចម្លើយ​នោះ​គឺ​ ទ្រង់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​នេះ​បន្តិច​ម្តង​ៗ​រហូត​ដល់​មិន​អាច​បក​ក្រោយ​បាន។  ជា​ការ​ពិត​ណាស់ ស្តេច​ដាវីឌ​មិន​បាន​សម្រេច​ផែន​ការ​សម្លាប់​លោក​អ៊ូរី​ភ្លាម​ៗ​នោះ​ទេ។  ទំរាំ​តែ​ទ្រង់​សម្រេច​ព្រះ​ទ័យ​សម្លាប់​គាត់ ទ្រង់​បាន​ចាប់​ផ្តើម​ពី​ចំណុច​មួយ ចូល​ទៅ​ចំណុច​មួយ​ទៀត រហូត​ឈាន​ដល់​ការ​កំចាយ​ឈាម។ ពី​ដំបូង​ទ្រង់​បាន​ឃើញ​ប្រពន្ធ​របស់​គាត់ ធ្វើ​ឲ្យ​ទ្រង់​មាន​តម្រេក​ចង់​បាន​នាង។ ទ្រង់​បាន​ប្រើ​អំណាច​ទ្រង់​ជា​ស្តេច ក្នុង​ផ្លូវ​ខុស ដោយ​ឲ្យ​គេ​ទៅ​នាំនាង​បាតសេបា​មក​ជួប​ទ្រង់ បន្ទាប់​មក ទ្រង់​ក៏​បាន​ព្យាយាម​លាក់​បាំង​រឿង​ដែល​នាង​មាន​កូន​ជា​មួយ​ទ្រង់ ដោយ​បញ្ជា​ប្តី​របស់នាង​ឲ្យ​វិល​ត្រឡប់​ពី​សមរភូមិ​វិញ​ជា​បន្ទាន់។ ពេល​ដែល​លោក​អ៊ូរី​មិន​ព្រម​ទៅ​រួម​ដំណេក​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ខណៈ​ពេល​ដែល​មិត្ត​រួម​អាវុធ​ កំពុង​តែ​ជាប់​ដៃ​ប្រយុទ្ធ​ក្នុង​សង្រ្គាម ស្តេច​ដាវីឌ​ក៏​បាន​សម្រេច​ព្រះទ័យ​សម្លាប់​គាត់​តែ​ម្តង។

យើង​ប្រហែល​ជា​មិន​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​ធ្លាប់​ជាប់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ ដោយ​សារ​កំហុស​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ ទោះ​ជាយើង​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ យើង​ត្រូវ​ងាក​ទៅ​រក​ព្រះយេស៊ូវ ពុំ​នោះ​ទេ យើង​នឹង​នៅ​ជាប់​នៅ​ក្នុង​បញ្ហា​របស់​យើង ដោយ​ដក​ខ្លួនចេញ​មិន​រួច។ បញ្ហា​ធំ​ៗ​មិន​បាន​កើត​ឡើង​ភ្លាម​ៗ​ឡើយ។ តែជា​ទូទៅ​វា​កើត​ឡើង​ចំពោះ​យើង​បន្តិច​ម្តង​ៗ មួយ​ជំហាន​ម្តង​ៗ ទាល់​តែ​យើង​ជួប​ភាព​ទាល់​ច្រក។—MIKE WITTMER