ថ្មីៗនេះ ភរិយារបស់លោកគ្រូគង្វាល អេរិក ហ្វ៊ីតជើរ៉ល(Erik Fitzgerald) បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីអ្នកពន្លត់អគ្គីភ័យម្នាក់ងោកងុយ ដោយភាពហត់នឿយយ៉ាងខ្លាំង ពេលបើកបរត្រឡប់មកផ្ទះវិញ ហើយតុលាការចង់ដឹងថា តើគាត់ចង់ឲ្យបុរសនោះទទួលទោសឲ្យបានធ្ងន់បំផុតឬយ៉ាងណា? លោកគ្រូគង្វាលក៏បានសម្រេចចិត្តសម្តែងចេញនូវការអត់ឱនទោស គឺដូចដែលគាត់បាននិយាយ នៅក្នុងការអធិប្បាយជាញឹកញាប់ អំពីការអត់ឱនទោស។ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ទីបំផុត បុរសទំាងពីរក៏បានរាប់អានគ្នាជាមិត្តភក្តិ។ ក្រោយមក គាត់ក៏បានមានប្រសាសន៍ថា “នៅពេលដែលមានសោកនាដកម្ម ឬរឿងដ៏ឈឺចាប់កើតឡើង គឺយើងមានឱកាសសម្រេចចិត្តថា យើងនឹងបង្ហាញចេញនូវព្រះគុណព្រះ ឬយើងសងសឹកគេ”។
លោកគ្រូគង្វាលអេរីក បានបង្ហាញចេញនូវព្រះគុណ ដែលគាត់បានទទួលពីព្រះជាម្ចាស់ ដែលទ្រង់បានអត់ទោសអំពើបាបរបស់គាត់ទាំងអស់។ គំរូដ៏ល្អរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំអំពីពាក្យពេចន៍របស់ហោរាមីកា ដែលបានសរសើរដំកើងព្រះ សម្រាប់ការអត់ទោសបាបឲ្យយើង ពេលដែលយើងបានធ្វើខុសទាស់នឹងទ្រង់(មីកា ៧:១៨)។ ហោរាមីកាបានពាក្យប្រៀបប្រដូច ដើម្បីពិពណ៌នា អំពីរបៀបដែលព្រះជាម្ចាស់អត់ឱនទោសឲ្យរាស្រ្តព្រះអង្គ។ គឺដូចដែលគាត់បានពោលថា “ទ្រង់នឹងមានសេចក្តីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្តីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ”(ខ.១៩)។ នៅថ្ងៃនោះ អ្នកពន្លត់អគ្គីភ័យបានទទួលសេរីភាពរួចពីទោសកំហុស ដែលគាត់បានធ្វើដោយអចេតនា គឺប្រៀបដូចជាការទទួលអំណោយដ៏ពិសេស ដែលនាំឲ្យគាត់ចូលទៅជិតព្រះជាម្ចាស់។
ទោះយើងជួបការលំបាកយ៉ាងណាក៏ដោយ យើងត្រូវដឹងថា ព្រះជាម្ចាស់តែងតែស្វាគមន៍យើង ចូលទៅក្នុងរង្វង់ព្រះពាហុនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលតែងតែបើកចំហរទទួលយើងជានិច្ច។ ព្រះអង្គតែងតែសព្វព្រះទ័យ នឹងបង្ហាញចេញនូវសេចក្តីមេត្តាកុរណាចំពោះយើងជានិច្ច(ខ.១៨)។ កាលណាយើងទទួលសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ នោះព្រះអង្គក៏ចម្រើនកម្លាំងយើង ឲ្យអត់ឱនទោសអ្នកដែលធ្វើឲ្យយើងឈឺចាប់ គឺដូចដែលលោកគ្រូគង្វាលអេរិកបានធ្វើជាគំរូស្រាប់។—AMY BOUCHER PYE