នៅប្រទេសស៊ីមបាវេ ភាពតក់ស្លត់ដោយសារសង្រ្គាម និងភាពអត់ការងារធ្វើក្នុងកំរិតដ៏ខ្ពស់ អាចធ្វើឲ្យប្រជាជនធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ហេតុនេះហើយ គេក៏បានបង្កើតកម្មវិធីកៅអីមិត្តភាព។ ប៉ុន្តែ មនុស្សដែលអស់សង្ឃឹម អាចទៅទទួលការប្រឹក្សាផ្លូវចិត្ត ពី “ដូនចាស់មួយក្រុម” ដែលបានទទួលការបណ្តុះបណ្តាល។ ពួកគាត់ជាស្រ្តីចាស់ទុំ ដែលបានរៀនអង្គុយស្តាប់គេនិយាយអំពីទុក្ខលំបាកផ្សេងៗ ដែលនាំឲ្យមានជម្ងឺធ្លាក់ទឹកចិត្ត ដែលនៅប្រទេសនេះ គេហៅជម្ងឺនេះថា “ជម្ងឺគិតច្រើនពេក”។
គេក៏បានយកកម្មវិធីកៅអីមិត្តភាពមកប្រើ នៅកន្លែងផ្សេងទៀតផងដែរ ដូចជា កោះហ្សានហ្ស៊ីបា ទីក្រុងឡុងដ៏ និងទីក្រុងញូយក។ អ្នកស្រាវជ្រាវម្នាក់នៅទីក្រុងឡុងដ៍បានមានប្រសាសន៍ថា “យើងមានចិត្តរំភើបរីករាយ ចំពោះលទ្ធផលដែលយើងទទួលបានពីកម្មវិធីនេះ”។ អ្នកប្រឹក្សាផ្លូវចិត្តម្នាក់ នៅទីក្រុងញូយ៉ក ក៏យល់ដូចនេះដែរ។ គាត់ថា “អ្នកមិនគ្រាន់តែបានអង្គុយនៅលើកៅអីប៉ុណ្ណោះទេ តែថែមទាំងបានចូលទៅក្នុងការសន្ទនាដ៏កក់ក្តៅ ជាមួយមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះអ្នក”។
កម្មវិធីនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពកក់ក្តៅ និងភាពអស្ចារ្យនៃការជជែកជាមួយព្រះដ៏មានចេស្តានៃយើង។ លោកម៉ូសេមិនបានប្រើកៅអី ដើម្បីទំនាក់ទំនងជាមួយព្រះជាម្ចាស់ឡើយ តែគាត់បានប្រើរោងឧបោសថ ដែលគាត់បានហៅថា ត្រសាលជំនុំ។ នៅទីនោះ “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន(និក្ខមនំ ៣៣:១១)។” លោកយ៉ូស្វេដែលជាអ្នកជំនួយរបស់គាត់ មិនចង់ចេញពីត្រសាលនោះឡើយ គឺប្រហែលមកពីគាត់បានឲ្យតម្លៃយ៉ាងខ្លាំង មកលើពេលវេលាដែលគាត់ចំណាយជាមួយព្រះអង្គ(ខ.១១)។
សព្វថ្ងៃនេះ យើងមិនត្រូវការត្រសាលជំនុំនោះទៀតឡើយ។ ព្រះយេស៊ូវបានបើកផ្លូវឲ្យយើងចូលទៅរកព្រះវរបិតា ដោយផ្ទាល់ៗខ្លួន។ គឺដូចដែលព្រះអង្គបានប្រាប់ពួកសិស្សថា “ខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក”(យ៉ូហាន ១៥:១៥)។ ជាការពិតណាស់ ព្រះជាម្ចាស់រង់ចាំយើងចូលទៅរកព្រះអង្គជានិច្ច។ ព្រះអង្គជាអ្នកប្រឹក្សាផ្លូវចិត្តរបស់យើង ដែលមានប្រាជ្ញាបំផុត និងជាមិត្តសំឡាញ់ដែលយល់ចិត្តយើងបំផុត។ ចូរយើងជជែកជាមួយព្រះអង្គនៅពេលឥឡូវនេះចុះ។—PATRICIA RAYBON