នៅ​ប្រទេស​ស៊ីមបាវេ ភាព​តក់​ស្លត់​ដោយ​សារ​សង្រ្គាម និង​ភាព​អត់​ការងារ​ធ្វើ​ក្នុង​កំរិត​ដ៏​ខ្ពស់ អាច​ធ្វើ​ឲ្យ​ប្រជា​ជន​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម។ ហេតុ​នេះ​ហើយ គេ​ក៏​បាន​បង្កើត​កម្ម​វិធី​កៅ​អី​មិត្ត​ភាព។ ប៉ុន្តែ មនុស្ស​ដែល​អស់​សង្ឃឹម អាច​ទៅ​ទទួល​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត ពី “ដូន​ចាស់​មួយ​ក្រុម” ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល។ ពួក​គាត់​ជា​ស្រ្តី​ចាស់​ទុំ ដែល​បាន​រៀន​អង្គុយ​ស្តាប់​គេនិយាយ​អំពី​ទុក្ខ​លំបាក​ផ្សេង​ៗ ដែល​នាំ​ឲ្យ​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ដែល​នៅ​ប្រទេស​នេះ គេ​ហៅ​ជម្ងឺ​នេះ​ថា  “ជម្ងឺ​គិត​ច្រើន​ពេក”។

គេ​ក៏​បាន​យក​កម្ម​វិធី​កៅ​អី​មិត្ត​ភាព​មក​ប្រើ នៅ​កន្លែង​ផ្សេង​ទៀតផងដែរ ​ដូច​ជា កោះហ្សានហ្ស៊ីបា ទីក្រុង​ឡុងដ៏ និង​ទីក្រុង​ញូយក។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​នៅ​ទីក្រុង​ឡុងដ៍​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​លទ្ធ​ផល​ដែល​យើង​ទទួល​បាន​ពី​កម្ម​វិធី​នេះ”។ អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​ម្នាក់ នៅ​ទីក្រុង​ញូយ៉ក ក៏​យល់​ដូច​នេះ​ដែរ។ គាត់​ថា “អ្នក​មិន​គ្រាន់​តែ​បាន​អង្គុយ​នៅ​លើកៅ​អី​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ចូល​ទៅ​ក្នុង​ការ​សន្ទនា​ដ៏​កក់​ក្តៅ ជា​មួយ​មនុស្ស​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក”។

កម្ម​វិធី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​កក់​ក្តៅ និង​ភាព​អស្ចារ្យ​នៃ​ការ​ជជែក​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្តា​នៃ​យើង។ លោក​ម៉ូសេ​មិន​បាន​ប្រើ​កៅអី ដើម្បី​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជាម្ចាស់​ឡើយ តែ​គាត់​បាន​ប្រើ​រោង​ឧបោសថ ដែល​គាត់​បាន​ហៅ​ថា ត្រសាល​ជំនុំ។ នៅ​ទីនោះ “ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន(និក្ខមនំ ៣៣:១១)។” លោក​យ៉ូស្វេ​ដែល​ជា​អ្នក​ជំនួយ​របស់​គាត់ មិន​ចង់​ចេញ​ពី​ត្រសាល​នោះ​ឡើយ គឺ​ប្រហែល​មក​ពី​គាត់​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង មកលើ​ពេល​វេលា​ដែល​គាត់​ចំណាយ​ជា​មួយ​ព្រះ​អង្គ(ខ.១១)។

សព្វ​ថ្ងៃ​នេះ យើង​មិន​ត្រូវ​ការ​ត្រសាល​ជំនុំ​នោះ​ទៀត​ឡើយ។ ព្រះ​យេស៊ូវ​បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​វរបិតា ដោយ​ផ្ទាល់​ៗខ្លួន​។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ប្រាប់​ពួក​សិស្ស​ថា “​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក”(យ៉ូហាន ១៥:១៥)។ ជា​ការ​ពិត​ណាស់ ព្រះ​ជា​ម្ចាស់​រង់​ចាំ​យើង​ចូល​ទៅ​រក​ព្រះ​អង្គ​ជានិច្ច​។ ព្រះ​អង្គ​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​របស់​យើង ដែល​មាន​ប្រាជ្ញា​បំផុត និង​ជា​មិត្ត​សំឡាញ់​ដែល​យល់​ចិត្ត​យើង​បំផុត។ ចូរ​យើង​ជជែក​ជា​មួយ​ព្រះ​អង្គ​នៅ​ពេល​ឥឡូវ​នេះ​ចុះ។—PATRICIA RAYBON