ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំរកបានភាជនៈដីចាស់ៗមួយចំនួន។ ភាជនៈដីបុរាណដែលខ្ញុំចូលចិត្តជាងគេ ត្រូវបានគេជីករកឃើញ នៅកន្លែងមួយ ដែលមានអាយុកាល តាំងពីសម័យលោកអ័ប្រាហាំ។ យ៉ាងហោចណាស់ មានភាជនៈបុរាណមួយ ក្នុងផ្ទះខ្ញុំ ដែលមានចំណាស់ជាងនេះទៀត ។ វាមិនមានអ្វីដែលគួរឲ្យចង់មើលទេ ព្រោះវាប្រឡាក់ មានស្នាមប្រេះ ឆែប និងត្រូវការការសម្អាតឲ្យបានល្អ។ ខ្ញុំបានរក្សាវាទុកក្នុងផ្ទះខ្ញុំ ដើម្បីរំឭកខ្ញុំថា ខ្ញុំគ្រាន់តែជាមនុស្សដែលកើតពីដីឥដ្ឋប៉ុណ្ណោះ។ ខ្ញុំជាភាជនៈ ដែលមានភាពផុយស្រួយ និងទន់ខ្សោយ តែនៅក្នុងខ្ញុំ គឺមានព្រះយេស៊ូវ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ គឺដូចមានសេចក្តីចែងថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។
សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “យើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(ខ.៨-៩)។ ត្រង់ចំណុចនេះ គាត់ប្រៀបដូចជាភាជនៈដែលទទួលរងសម្ពាធ ដែលមានដូចជា ការសង្កត់សង្កិន សេចក្តីវិលវល់ ការដែលគេធ្វើទុក្ខ និងវាយដួលស្តូកជាដើម ។ នេះជាសម្ពាធដែលភាជនៈត្រូវតែទទួលរង។ តែដោយសារយើងបានទទួលកម្លាំងជួយទប់ទល់ពីព្រះយេស៊ូវ នោះយើង មិនទ័លផ្លូវ មិនទ័លគំនិត មិនត្រូវចោលនៅម្នាក់ឯង និងមិនស្លាប់ទេ។
សាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា “យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច”(ខ.១០)។ បានសេចក្តីថា យើងត្រូវមានចិត្តដែលឈប់ពឹងផ្អែកលើកម្លាំងខ្លួនឯង តែត្រូវទុកចិត្តទាំងស្រុងទៅលើភាពគ្រប់គ្រាន់ នៃព្រះដែលគង់នៅក្នុងយើង “ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបកាយយើងខ្ញុំដែរ”(ខ.១០)។ នេះជាសម្រស់ដែលព្រះយេស៊ូវបានបង្ហាញឲ្យឃើញ នៅក្នុងយើង ដែលជាភាជនៈដ៏ផុយស្រួយ។—DAVID H. ROPER