ខគម្ពីរនៅលើកាតដែលលីសា(Lisa) បានទទួលហាក់ដូចជាមិនត្រូវនឹងស្ថានភាពរបស់នាងទេ។ខគម្ពីរនោះបានចែងថា “ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ”(២ពង្សាវតាក្សត្រ ៦:១៧)។ គាត់បានគិត ទាំងអារម្មណ៍ច្របូកច្របល់ថា ខ្ញុំមានជំងឺមហារីក។ ខ្ញុំទើបតែរលូតកូន! ខគម្ពីរដែលនិយាយ អំពីកងទ័ពទេវតា មិនត្រូវនឹងស្ថានភាពរបស់ខ្ញុំទេ។
ក្រោយមក អ្នកដែលបានជាពីជំងឺមហារីកបានចំណាយពេលស្តាប់គាត់ចែកចាយ ពីទុក្ខលំបាករបស់គាត់។ ស្វាមីរបស់គាត់ បានទទួលការអនុញ្ញាត ឲ្យវិលត្រឡប់ពីការបំពេញបេសកកម្មយោធា នៅក្រៅប្រទេស មុនពេលកំណត់។ មិត្តភក្តិរបស់គាត់ជាច្រើនបានអធិស្ឋានឲ្យគាត់។ ប៉ុន្តែ គាត់បានពិសោធន៍នឹងក្តីស្រឡាញ់របស់ព្រះខ្លាំងបំផុត នៅពេលដែលមិត្តភក្តិរបស់គាត់ម្នាក់ ឈ្មោះភែតធី(Patty) បានដើរចូលមករកគាត់ ដោយកាន់ក្រដាស់ជូតមាត់ពីរប្រអប់ ដាក់នៅលើតុ។ ពេលនោះគាត់ក៏បានចាប់ផ្តើមយំ ហើយជូតទឹកភ្នែកនឹងក្រដាស់នោះ។ ភែតធីយល់អារម្មណ៍របស់លីសា។ ព្រោះភែតធីក៏ធ្លាប់ឆ្លងកាត់ការរលូតកូនផងដែរ។
លីសាក៏បាននិយាយថា “ការល្អដែលពួកគេធ្វើសម្រាប់ខ្ញុំ គឺពិតជាមានន័យណាស់។ ឥឡូវនេះ ខ្ញុំយល់ខគម្ពីរ នៅលើកាតនោះហើយ។ អ្នកទាំងនោះប្រៀបបាននឹងកងទ័ពទេវតា ដែលព្រះទ្រង់ចាត់ឲ្យមកជួយខ្ញុំ”។
ពេលដែលកងទ័ពសត្រូវបានឡោមព័ទ្ធនគរអ៊ីស្រាអែល កងទ័ពទេវតាបានការពារលោកអេលីសេ។ ប៉ុន្តែ អ្នកបម្រើរបស់លោកអេលីសេមើលមិនឃើញទេវតាទាំងនោះទេ។ គាត់ក៏បានស្រែកឡើងថា “តើយើងនឹងធ្វើដូចម្តេច?”(ខ.១៥)។ លោកអេលីសេក៏បានអធិស្ឋាន សូមព្រះអម្ចាស់បើកភ្នែកគាត់ឲ្យមើលឃើញ ហើយគាត់ក៏បានមើលឃើញ។
ពេលណាយើងមើលទៅព្រះ ក្នុងពេលដែលយើងមានវិបត្តិ ព្រះអង្គនឹងបង្ហាញយើង នូវការអ្វីខ្លះដែលពិតជាសំខាន់ចំពោះយើង ហើយបង្ហាញឲ្យយើងដឹងថា យើងមិននៅម្នាក់ឯងឡើយ។ យើងនឹងដឹងថា ព្រះវត្តមាននៃការកម្សាន្តចិត្តរបស់ព្រះ មិនដែលចាកចេញពីយើងឡើយ។ ព្រះអង្គបង្ហាញក្តីស្រឡាញ់របស់ព្រះអង្គ ដល់យើងរាល់គ្នា តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។—Tim Gustafson