ខគម្ពីរ​នៅ​លើ​កាត​ដែល​លីសា(Lisa) បាន​ទទួល​ហាក់​ដូច​ជា​មិន​ត្រូវ​នឹង​ស្ថាន​ភាព​របស់​នាង​ទេ។​ខ​គម្ពីរ​នោះ​បាន​ចែង​ថា “ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ”(២ពង្សាវតាក្សត្រ ៦:១៧)។ គាត់​បាន​គិត ទាំង​អារម្មណ៍​ច្របូក​ច្របល់​ថា ខ្ញុំ​មាន​ជំងឺមហា​រីក។ ខ្ញុំ​ទើប​តែ​រលូត​កូន! ខគម្ពីរ​ដែល​និយាយ អំពី​កង​ទ័ព​ទេវតា មិន​ត្រូវ​នឹង​ស្ថាន​ភាព​របស់​ខ្ញុំ​ទេ។​

ក្រោយ​មក អ្នក​ដែល​បាន​ជា​ពី​ជំងឺ​មហា​រីក​បាន​ចំណាយ​ពេល​ស្តាប់​គាត់​ចែក​ចាយ ពី​ទុក្ខលំបាក​របស់​គាត់។ ស្វាមី​របស់​គាត់ បាន​ទទួល​ការ​អនុញ្ញាត ឲ្យ​វិល​ត្រឡប់​ពី​ការ​បំពេញ​បេសក​កម្ម​យោធា នៅ​ក្រៅ​ប្រទេស មុន​ពេល​កំណត់។ មិត្ត​ភក្តិ​របស់​គាត់ជា​ច្រើន​បាន​អធិស្ឋាន​ឲ្យ​គាត់។ ប៉ុន្តែ គាត់​បាន​ពិសោធន៍​នឹង​ក្តី​ស្រឡាញ់​របស់​ព្រះ​ខ្លាំង​បំផុត នៅ​ពេល​ដែល​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ ឈ្មោះ​ភែតធី(Patty) បាន​ដើរ​ចូល​មក​រក​គាត់ ដោយ​កាន់​ក្រដាស់​ជូត​មាត់​ពីរ​ប្រអប់ ដាក់​នៅ​លើ​តុ។ ពេល​នោះ​គាត់​ក៏បាន​ចាប់​ផ្តើម​យំ ហើយ​ជូត​ទឹក​ភ្នែក​នឹង​ក្រដាស់​នោះ។ ភែតធី​យល់​អារម្មណ៍​របស់​លីសា។ ព្រោះ​ភែតធី​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​រលូត​កូន​ផង​ដែរ។​

លីសា​ក៏​បាន​និយាយ​ថា “ការ​ល្អ​ដែល​ពួក​គេ​ធ្វើ​សម្រាប់​ខ្ញុំ គឺ​ពិត​ជា​មាន​ន័យ​ណាស់។ ឥឡូវ​នេះ​ ខ្ញុំ​យល់​ខគម្ពីរ នៅ​លើ​កាត​នោះហើយ។ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​កង​ទ័ព​ទេវតា ដែល​ព្រះ​ទ្រង់​ចាត់​ឲ្យ​មក​ជួយ​ខ្ញុំ”។​

ពេល​ដែល​កង​ទ័ព​សត្រូវ​បាន​ឡោម​ព័ទ្ធ​នគរ​អ៊ីស្រាអែល កង​ទ័ព​ទេវតា​បាន​ការពារ​លោក​អេលីសេ។ ប៉ុន្តែ អ្នក​បម្រើ​របស់លោក​អេលីសេ​មើល​មិន​ឃើញ​ទេវតា​ទាំង​នោះ​ទេ។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច?”(ខ.១៥)។ លោក​អេលីសេ​ក៏​បាន​អធិស្ឋាន សូម​ព្រះ​អម្ចាស់​បើក​ភ្នែក​គាត់​ឲ្យ​មើល​ឃើញ ហើយ​គាត់​ក៏​បាន​មើល​ឃើញ។

ពេល​ណា​យើង​មើល​ទៅ​ព្រះ ក្នុង​ពេល​ដែល​យើង​មាន​វិបត្តិ ព្រះ​អង្គ​នឹង​បង្ហាញ​យើង នូវ​ការ​អ្វី​ខ្លះ​ដែល​ពិត​ជា​សំខាន់​ចំពោះយើង ហើយ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​មិន​នៅ​ម្នាក់​ឯង​ឡើយ។ យើង​នឹង​ដឹង​ថា ព្រះ​វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ មិនដែល​ចាក​ចេញ​ពីយើង​ឡើយ។ ព្រះ​អង្គ​បង្ហាញក្តីស្រឡាញ់របស់ព្រះអង្គ ដល់យើងរាល់គ្នា តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។—Tim Gustafson