កាលពីក្មេង គេចូលចិត្តសួរខ្ញុំថា “ពេលឯងធំឡើង តើឯងចង់ធ្វើអី?” ចម្លើយរបស់ខ្ញុំមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ពីដំបូងខ្ញុំថា ខ្ញុំចង់ក្លាយជាគ្រូពេទ្យ។ ក្រោយ មកខ្ញុំថា ខ្ញុំចង់ក្លាយជាប៉ូលីសពន្លត់អគ្គីភ័យ ចង់ក្លាយជាបេសកជន អ្នកដឹកនាំថ្វាយបង្គំ អ្នកជំនាញខាងរូបវិទ្យា ឬក្លាយជាតារាភាពយន្តដ៏ល្បី នៅលើប៉ុស្ទទូរទស្សន៍។ សព្វថ្ងៃនេះ ក្នុងនាមជាឪពុកដែលមានកូនប្រាំនាក់ ខ្ញុំក៏បានគិតថា កូនៗរបស់ខ្ញុំក៏ប្រាដកជាមានការពិបាក នៅក្នុងការឆ្លើយសំណួរនេះដែរ។ មានពេលជាច្រើនដង ដែលខ្ញុំចង់ប្រាប់ពួកគេថា ខ្ញុំដឹងថា ពួកគេពូកែជំនាញអ្វីជាងគេ។ ជួនកាល ឪពុកម្តាយអាចមើលឃើញសមត្ថភាពរបស់កូន ច្បាស់ជាងកូនមើលឃើញខ្លួនឯង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលសាវ័កប៉ុលបានមើលឃើញ ក្នុងអ្នកជឿ នៅក្រុងភីលីព ដែលគាត់បានស្រឡាញ់ និងអធិស្ឋានឲ្យ(ភីលីព ១:៣)។ គាត់អាចដឹងថា ព្រះទ្រង់នឹងសម្រេចអ្វី ដែលព្រះអង្គបានមានបន្ទូល។ ព្រះគម្ពីរប៊ីបបានធ្វើការបើកសម្តែងដ៏ធំមួយ អំពីគ្រាចុងក្រោយ ដែលនឹងមានការរស់ឡើងវិញ និងការផ្លាស់ប្រែអ្វីៗគ្រប់យ៉ាង(១កូរិនថូស ១៥ និង វិវរណៈ ២១)។ ប៉ុន្តែ ព្រះគម្ពីរក៏បានប្រាប់យើងថា ព្រះជាអ្នកតាក់តែងរឿងនៃជីវិតរបស់យើងម្នាក់ៗ។
ក្នុងសេចក្តីផ្តើមនៃសំបុត្រ ដែលសាវ័កប៉ុលសរសេរផ្ញើ ចេញពីមន្ទីរឃុំឃាំង គាត់បានរំឭកពួកជំនុំ នៅទីក្រុងភីលីពថា “ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។ ព្រះយេស៊ូវបានចាប់ផ្តើម និងបញ្ចប់ការល្អនោះ។ ពាក្យថា “ធ្វើឲ្យកាន់តែពេញខ្នាត” គឺជាពាក្យដ៏សំខាន់ ព្រោះព្រះអង្គនឹងបញ្ចប់រឿងគ្រប់យ៉ាង។—Glenn Packiam