កាល​ពី​ក្មេង គេ​ចូល​ចិត្ត​សួរ​ខ្ញុំ​ថា “ពេល​ឯង​ធំ​ឡើង តើ​ឯង​ចង់​ធ្វើ​អី?” ចម្លើយ​របស់​ខ្ញុំ​មាន​ការ​​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។ ពី​ដំបូងខ្ញុំ​ថា ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូពេទ្យ។ ក្រោយ មក​ខ្ញុំ​ថា ខ្ញុំ​ចង់​ក្លាយ​ជា​ប៉ូលីស​ពន្លត់​អគ្គី​ភ័យ ចង់​ក្លាយ​ជា​បេសកជន​ អ្នក​ដឹក​នាំ​ថ្វាយ​បង្គំ អ្នក​ជំនាញ​ខាង​រូប​វិទ្យា ឬ​ក្លាយ​ជា​តារា​ភាព​យន្ត​ដ៏​ល្បី នៅ​លើ​ប៉ុស្ទ​ទូរទស្សន៍។ សព្វ​ថ្ងៃ​នេះ ក្នុង​នាម​ជា​ឪពុក​ដែល​មាន​កូន​ប្រាំ​នាក់ ខ្ញុំ​ក៏​បាន​គិត​ថា កូន​ៗ​របស់​ខ្ញុំ​ក៏​ប្រាដក​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ​ដែរ។ មាន​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​ចង់​ប្រាប់​ពួក​គេ​ថា ខ្ញុំ​ដឹង​ថា ពួក​គេ​ពូកែ​ជំនាញ​អ្វី​ជាង​គេ។ ជួន​កាល​ ឪពុក​ម្តាយ​អាច​មើល​ឃើញ​សមត្ថ​ភាព​របស់​កូន ច្បាស់ជាង​កូន​មើល​ឃើញ​ខ្លួន​ឯង។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​មើល​ឃើញ ក្នុង​អ្នក​ជឿ នៅ​ក្រុង​ភីលីព ដែល​គាត់​បាន​ស្រឡាញ់ និង​អធិស្ឋាន​ឲ្យ​(ភីលីព ១:៣)។ គាត់​អាច​ដឹង​ថា ព្រះ​ទ្រង់​នឹង​សម្រេច​អ្វី ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល។ ព្រះ​គម្ពីរ​ប៊ីប​បាន​ធ្វើ​ការ​បើក​សម្តែង​ដ៏​ធំ​មួយ អំពី​គ្រា​ចុង​ក្រោយ ដែល​នឹង​មាន​ការ​រស់​ឡើង​វិញ និង​ការ​ផ្លាស់​ប្រែ​អ្វី​ៗ​គ្រប់​យ៉ាង​(១កូរិនថូស ១៥ និង វិវរណៈ ២១)។ ប៉ុន្តែ ព្រះ​គម្ពីរ​ក៏​បាន​ប្រាប់​យើង​ថា ព្រះជា​អ្នក​តាក់​តែង​រឿង​នៃ​ជីវិត​របស់​យើង​ម្នាក់​ៗ។​

ក្នុង​សេចក្តី​ផ្តើម​នៃ​សំបុត្រ ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ ចេញ​ពី​មន្ទីរ​ឃុំឃាំង គាត់​បាន​រំឭក​ពួក​ជំនុំ នៅ​ទីក្រុង​ភីលីព​ថា “ខ្ញុំ​ជឿ​សេចក្តី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ”(ភីលីព ១:៦)។ ព្រះ​យេស៊ូវ​បាន​ចាប់​ផ្តើម និង​បញ្ចប់​ការ​ល្អ​នោះ។ ពាក្យ​ថា “ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត” គឺ​ជា​ពាក្យ​ដ៏​សំខាន់ ព្រោះ​ព្រះ​អង្គ​នឹង​បញ្ចប់​រឿង​គ្រប់​យ៉ាង។​—Glenn Packiam