បន្ទប់មានសភាពងងឹត ហើយស្ងាត់ ពេលដែលខ្ញុំរុញកៅអី ទៅក្បែរគ្រែគេងរបស់ជែកគី(Jacquie)។ មុនពេលដែលមិត្តភក្តិរបស់ខ្ញុំម្នាក់នេះ តយុទ្ធនឹងជំងឺមហារីកអស់រយៈពេល៣ឆ្នាំ គាត់ជាមនុស្សដែលស្វាហាប់ណាស់។ ខ្ញុំនៅតែអាចស្រមៃឃើញគាត់សើច ដោយកែវភ្នែកពេញដោយភាពរស់រវើក នឹងទឹកមុខញញឹស្រស់។ ឥឡូវនេះ នាងប្រែជាស្ងាត់ស្ងៀម និងនៅមួយកន្លែង ពេលខ្ញុំទៅសួរសុខទុក្ខគាត់ ក្នុងបន្ទប់ព្យាបាលពិសេស។
ពេលនោះ ខ្ញុំមិនដឹងថា ត្រូវនិយាយអ្វី ទៅកាន់គាត់ទេ។ ខ្ញុំក៏បានសម្រេចចិត្តអានខគម្ពីរខ្លះៗឲ្យគាត់ស្តាប់។ ខ្ញុំក៏បានយកព្រះគម្ពីរប៊ីបចេញពីកាបូប ហើយអានខគម្ពីរ ក្នុងកណ្ឌគម្ពីរកូរិនថូស ខ្សែទី១។
បន្ទាប់ពីបានសួរសុខទុក្ខគាត់ហើយ ខ្ញុំក៏បានចំណាយពេលដ៏សោកសៅម្នាក់ឯង ក្នុងរថយន្តរបស់ខ្ញុំ នៅកន្លែងចំណត។ ពេលនោះ គំនិតមួយបានលេចឡើងក្នុងចិត្តខ្ញុំ ដែលបានជួយទប់ទឹកភ្នែកខ្ញុំ។ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងបានជួបគាត់ម្តងទៀត នៅនគរស្ថានសួគ៌។ ដោយសារខ្ញុំជាប់នៅក្នុងសេចក្តីទុក្ខ ខ្ញុំក៏បានភ្លេចសេចក្តីពិត ដែលបានចែងថា សម្រាប់អ្នកជឿព្រះ សេចក្តីស្លាប់គ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ(១កូរិនថូស ១៥:២១-២២)។ ខ្ញុំដឹងថា ខ្ញុំនឹងបានជួបជែកគីម្តងទៀត ព្រោះយើងទាំងពីរសុទ្ធតែបានជឿថា ព្រះយេស៊ូវបានសុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យយើង(ខ.៣-៤)។ បន្ទាប់ពី ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីព្រះអង្គសុគតនៅលើឈើឆ្កាង សេចក្តីស្លាប់ក៏បានបាត់បង់អំណាច ដែលកាត់ផ្តាច់អ្នកជឿចេញពីគ្នា និងចេញពីព្រះ។ បន្ទាប់ពីយើងស្លាប់ទៅ យើងដែលជាអ្នកជឿព្រះអង្គ នឹងបានទៅរស់នៅក្នុងនរគស្ថានសួគ៌ ជាមួយព្រះ និងជាមួយបងប្អូនប្រុសស្រី ខាងវិញ្ញាណរបស់យើង ជារៀងរហូត។
ដោយសារព្រះយេស៊ូវនៅមានព្រះជន្មរស់សព្វថ្ងៃ អ្នកជឿព្រះអង្គក៏មានសង្ឃឹម ក្នុងពេលបាត់បង់ និងទុក្ខព្រួយ។ សេចក្តីស្លាប់ត្រូវបានលេប នៅក្នុងជ័យជម្នះនៃឈើឆ្កាង(ខ.៥៤)។—Jennifer Benson Schuldt