ខេនេត(Kenneth) ជាក្មេងអាយុពីរឆ្នាំ ដែលបានបាត់ខ្លួន។ ប៉ុន្តែ បន្ទាប់ពីម្តាយរបស់គាត់បានទូរស័ព្ទទៅលេខ៩១១ បានបីនាទី ភ្នាក់ងារសង្រ្គោះបន្ទាន់ម្នាក់ បានរកគាត់ឃើញ នៅកន្លែងតាំងពិពណ៌ជនបទ ដែលស្ថិតនៅចម្ងាយពីផ្ទះគាត់ តែពីរប្លុកប៉ុណ្ណោះ។ ម្តាយរបស់គាត់បានសន្យាថា ជីតារបស់គាត់ នឹងនាំគាត់ទៅកន្លែងតាំងពិពណ៌នោះ នៅពេលក្រោយ ក្នុងថ្ងៃដដែលនោះ។ ប៉ុន្តែ គាត់បានជិះត្រាក់ទ័រសម្រាប់ក្មេងលេង ទៅកន្លែងនោះ ហើយយកវាទៅចតនៅកន្លែងដែលគាត់ចូលចិត្ត។ ពេលដែលក្មេងប្រុសនោះបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ឪពុករបស់គាត់ ក៏បានដោះអាគុយចេញពីត្រាក់ទ័ររបស់ក្មេងលេងនោះ។
ខេនេត ជាក្មេងឆ្លាត ព្រោះគាត់អាចទៅកន្លែងដែលគាត់ចង់ទៅ ដោយខ្លួនឯង ប៉ុន្តែ ក្មេងដែលមានអាយុពីរឆ្នំានេះ នៅខ្វះប្រាជ្ញា ដែលជាគុណសម្បត្តិដ៏សំខាន់។ ក្នុងនាមយើងជាមនុស្សធំ ជួនកាល យើងក៏ខ្វះប្រាជ្ញា នៅក្នុងការធ្វើកិច្ចការផ្សេងៗផងដែរ។ ស្តេចសាឡូម៉ូន ដែលបានទទួលការតែងតាំងពីស្តេចដាវីឌ ដែលជាបិតា(១ពង្សាវតាក្សត្រ ២) បានទទួលស្គាល់ថា ទ្រង់មានអារម្មណ៍ថា ទ្រង់ដូចកូនក្មេង។ កាលនោះ ព្រះអម្ចាស់បានលេចមកឲ្យទ្រង់ឃើញ ក្នុងសុបិនរបស់ទ្រង់ ហើយមានបន្ទូលថា “ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ”(៣:៥)។ ទ្រង់ក៏បានឆ្លើយថា “ទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ … ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញាដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ”(ខ.៧-៩)។ ព្រះទ្រង់ក៏បានប្រទានឲ្យស្តេចសាឡូម៉ូន “មានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ”(៤:២៩)។
តើយើងអាចទៅស្វែងរកប្រាជ្ញាដែលយើងត្រូវការ នៅទីណា? ស្តេចសាឡូម៉ូនបានមានបន្ទូលថា ការកោតខ្លាចព្រះអម្ចាស់ គឺជាដើមចមនៃប្រាជ្ញា(សុភាសិត ៩:១០)។ ដូចនេះ យើងអាចចាប់ផ្តើមទទួលប្រាជ្ញាពីព្រះអង្គ ដោយទូលសូមព្រះអង្គ ឲ្យបង្រៀនយើង អំពីព្រះអង្គ ដើម្បីឲ្យយើងកោតខ្លាច ហើយទទួលបាននូវប្រាជ្ញា ដែលយើងមិនអាចរកបានដោយសមត្ថភាពខ្លួនឯង។—Anne Cetas