ខេនេត(Kenneth) ជា​ក្មេង​អាយុ​ពីរ​ឆ្នាំ ដែល​បាន​បាត់​ខ្លួន។ ប៉ុន្តែ បន្ទាប់​ពី​ម្តាយ​របស់​គាត់​បាន​ទូរស័ព្ទ​ទៅ​លេខ​៩១១ បាន​បីនាទី ភ្នាក់​ងារ​សង្រ្គោះ​បន្ទាន់​ម្នាក់ បាន​រក​គាត់​ឃើញ នៅ​កន្លែង​តាំង​ពិពណ៌​ជន​បទ ដែល​ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​គាត់ តែ​ពីរ​ប្លុក​ប៉ុណ្ណោះ។ ម្តាយ​របស់​គាត់​បាន​សន្យា​ថា ជីតា​របស់​គាត់ នឹង​នាំ​គាត់​ទៅ​កន្លែង​តាំង​ពិពណ៌​នោះ នៅ​ពេល​ក្រោយ ក្នុង​ថ្ងៃ​ដដែល​នោះ។​ ប៉ុន្តែ គាត់​បាន​ជិះ​ត្រាក់​ទ័រ​សម្រាប់​ក្មេង​លេង ទៅ​កន្លែង​នោះ ហើយ​យក​វា​ទៅ​ចត​នៅ​កន្លែង​ដែល​គាត់​ចូល​ចិត្ត។ ពេលដែល​ក្មេង​ប្រុស​នោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ឪពុក​របស់​គាត់ ក៏​បាន​ដោះ​អាគុយ​ចេញ​ពី​ត្រាក់​ទ័រ​របស់​ក្មេង​លេង​នោះ។​

ខេនេត ជា​ក្មេង​ឆ្លាត ព្រោះ​គាត់​អាច​ទៅ​កន្លែង​ដែល​គាត់​ចង់​ទៅ ដោយ​ខ្លួន​ឯង ប៉ុន្តែ ក្មេង​ដែល​មាន​អាយុ​ពីរ​ឆ្នំា​នេះ នៅ​ខ្វះ​ប្រាជ្ញា ដែល​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់។ ក្នុង​នាម​យើង​ជា​មនុស្ស​ធំ ជួន​កាល យើង​ក៏​ខ្វះ​ប្រាជ្ញា នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ផង​ដែរ។ ស្តេច​សាឡូម៉ូន ដែល​បាន​ទទួល​ការ​តែង​តាំង​ពី​ស្តេច​ដាវីឌ ដែល​ជា​បិតា​(១ពង្សាវតាក្សត្រ ២) បាន​ទទួល​ស្គាល់​ថា ទ្រង់មាន​អារម្មណ៍​ថា ទ្រង់​ដូច​កូន​ក្មេង។ កាល​នោះ ព្រះ​អម្ចាស់​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ ក្នុង​សុបិន​របស់​ទ្រង់ ហើយ​មាន​បន្ទូលថា “ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ”(៣:៥)។ ទ្រង់ក៏បានឆ្លើយថា “​ទូលបង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ … ដូច្នេះ សូម​ទ្រង់​ប្រទាន​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​នឹង​គ្រប់គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ”(ខ.៧-៩)។ ព្រះទ្រង់ក៏បានប្រទានឲ្យស្តេចសាឡូម៉ូន “​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃលែង ព្រម​ទាំង​ព្រះហឫទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ”(៤:២៩)។

តើ​យើង​អាច​ទៅ​ស្វែង​រក​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ នៅ​ទីណា? ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា ការ​កោត​ខ្លាច​ព្រះ​អម្ចាស់ គឺជា​ដើម​ចម​នៃ​ប្រាជ្ញា​(សុភាសិត ៩:១០)។ ដូច​នេះ យើង​អាច​ចាប់​ផ្តើម​ទទួល​ប្រាជ្ញា​ពី​ព្រះ​អង្គ ដោយ​ទូល​សូម​ព្រះ​អង្គ ឲ្យបង្រៀន​យើង អំពី​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​កោត​ខ្លាច ហើយ​ទទួល​បាន​នូវ​ប្រាជ្ញា ដែល​យើង​មិន​អាច​រក​បាន​ដោយ​សមត្ថ​ភាពខ្លួន​ឯង។—Anne Cetas