ពេលដែលខ្ញុំផ្លាស់ទៅរស់នៅ ក្នុងប្រទេសផ្សេង ជាដំបូងខ្ញុំមានអារម្មណ៍ថា គេមិនស្វាគមន៍ខ្ញុំ។ បន្ទាប់ពីខ្ញុំរកបានកន្លែងអង្គុយ ក្នុងព្រះវិហារតូចមួយ នៅថ្ងៃដែលស្វាមីខ្ញុំអធិប្បាយព្រះបន្ទូលនៅទីនោះ បុរសម្នាក់ដែលមានវ័យចំណាស់ជាងខ្ញុំ បានប្រាប់ខ្ញុំឲ្យទៅអង្គុយកន្លែងផ្សេង ដោយខ្វះការគួរសម ធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ភរិយាគាត់ក៏បានសុំទោសខ្ញុំ ហើយរៀបរាប់ថា ខ្ញុំកំពុងតែអង្គុយនៅលើកៅអីវែង ដែលពួកគេតែងតែអង្គុយជាប្រចាំ។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏បានដឹងថា ពួកជំនុំនៅទីនោះធ្លាប់ជួលកៅអីវែង ក្នុងព្រះវិហារ ឲ្យទៅពួកជំនុំ ដើម្បីរៃអង្គាសប្រាក់ សម្រាប់ព្រះវិហារ ហើយដើម្បីធ្វើយ៉ាងណា កុំឲ្យមានអ្នកដទៃមកអង្គុយនៅកៅអី ដែលមានម្ចាស់ហើយ។ គេជឿថា ផ្នត់គំនិតនេះបានបន្តមាន អស់ជាច្រើនទសវត្សរ៍ក្រោយមកទៀត។
ក្រោយមក ខ្ញុំក៏បាននឹកចាំ អំពីពេលដែលព្រះទ្រង់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យស្វាគមន៍ជនបរទេស គឺផ្ទុយពីវប្បធម៌ ដែលខ្ញុំបានជួប នៅប្រទេសនោះ។ ព្រះអង្គបានប្រទានក្រឹត្យវិន័យនោះ ដើម្បីឲ្យរាស្រ្តទ្រង់មានការរីកចម្រើន ហើយព្រះអង្គក៏បានបង្គាប់ពួកគេឲ្យស្វាគមន៍ជនបរទេស ដោយរំឭកពួកគេថា ពីដើមពួកគេក៏ធ្លាប់រស់នៅជាជនបរទេស ក្នុងទឹកដីគេផងដែរ(លេវីវិន័យ ១៩:៣៤)។ ពួកគេមិនគ្រាន់តែត្រូវប្រព្រឹត្តចំពោះជនបរទេស ដោយចិត្តសប្បុរសប៉ុណ្ណោះទេ(ខ.៣៣) តែក៏ត្រូវ “ស្រឡាញ់គេ ឲ្យដូចខ្លួនឯង”(ខ.៣៤)។ ព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីការជិះជាន់ នៅនគរអេស៊ីព្ទ ដោយប្រទានពួកគេ នូវផ្ទះ ក្នុងទឹកដី ដែលមាន “ទឹកដោះ និងទឹកឃ្មំហូរហៀរ”(និក្ខមនំ ៣:១៧)។ ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គស្រឡាញ់អ្នកដទៃ ដែលចូលមកស្នាក់នៅ ក្នុងទឹកដីនោះដែរ។
ពេលណាអ្នកជួបមនុស្សដែលអ្នកមិនដែលស្គាល់ អ្នកអាចទូលសូមឲ្យព្រះទ្រង់បើកសម្តែង ឲ្យអ្នកដឹងថា មានប្រពៃណីទំនៀមទំលាប់ណាខ្លះ ដែលធ្វើឲ្យអ្នកពិបាកចែករំលែកក្តីស្រឡាញ់របស់ព្រះអង្គ ដល់ពួកគេ។—Amy Boucher Pye