ពេលដែលលោកគ្រូគង្វាល ឆាត ក្រាហាំ(Chad Graham) បើកបរ កាត់តាមតំបន់ចំណូលទាប នៅក្បែរព្រះវិហារគាត់ ក្នុងរដ្ឋខូឡូរ៉ាដូ គាត់ក៏បានចាប់ផ្តើមអធិស្ឋាន ឲ្យប្រជាជននៅទីនោះ ដែលជា “អ្នកជិតខាង”របស់គាត់។ ពេលគាត់ឃើញហាងបោកគក់តូចមួយ គាត់ក៏បានឈប់ឡាន ដើម្បីចូលមើលខាងក្នុងហាងនោះ ហើយក៏ឃើញមានភ្ញៀវពេញ ។ មានពួកគេម្នាក់បានសុំលុយលោកក្រាហាំមួយកាក់ សម្រាប់ដាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ ដើម្បីបោកខោអាវរបស់ខ្លួន។ ការស្នើសុំដ៏តូចនេះ ក៏បាននាំឲ្យមាន “កម្មវិធីបោកគក់ខោអាវ” ប្រចាំសប្តាហ៍ ដែលបានទទួលការឧបត្ថមពីព្រះវិហារបស់លោកក្រាហាំ។ សមាជិកពួកជំនុំរបស់គាត់បានបរិច្ចាកប្រាក់កាក់ និងសាប៊ូ ដល់ហាងបោកគក់នោះ ហើយក៏បានអធិស្ឋានឲ្យអ្នកដែលមកបោកគក់ខោអាវ ព្រមទាំងឧត្ថម្ភដល់ម្ចាស់ហាងបោកគក់នោះផងដែរ។
ការឈោងចាប់តំបន់ដែលពួកគេរស់នៅ ដែលរាប់បញ្ចូលទាំងកន្លែងបោកគក់ខោអាវ គឺបានឆ្លុះបញ្ចំាង អំពីមហាព្រះរាជបញ្ជា ដែលព្រះយេស៊ូវបានដាក់ឲ្យពួកសាវ័ករបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៨-១៩)។
ព្រះវត្តមានដ៏មានអំណាច នៃព្រះវិញ្ញាណបរិសុទ្ធ បានជួយឲ្យគ្រីស្ទបរិស័ទអាចធ្វើការឈោងចាប់ មនុស្សបាត់បង់ “នៅគ្រប់ទិសទី” ដោយរាប់បញ្ចូលទាំងកន្លែងបោកគក់ខោអាវផងដែរ។ ជាការពិតណាស់ យើងមិនទៅតែម្នាក់ឯងទេ។ ដ្បិតព្រះយេស៊ូវបានសន្យាថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។
លោកគ្រូគង្វាលក្រាហាំបានពិសោធន៍នឹងសេចក្តីពិតនេះ បន្ទាប់ពីគាត់បានអធិស្ឋាន នៅកន្លែងបោកគក់នោះ ឲ្យភ្ញៀវម្នាក់ឈ្មោះ ចេហ្វ(Jeff) ដែលកំពុងតយុទ្ធនឹងជំងឺមហារីក។ លោកក្រាហាំបានចែកចាយថា “ពេលយើងអធិស្ឋានចប់ យើងក៏បានបើកភ្នែក ឃើញភ្ញៀវទាំងអស់ក្នុងហាងនោះអធិស្ឋានជាមួយយើង ដោយដាក់ដៃលើលោកចេហ្វ។ វាជាពេលដ៏បរិសុទ្ធបំផុត ដែលខ្ញុំបានជួប ក្នុងនាមជាគ្រូគង្វាល”។
ដូចនេះ ចូរយើងទៅគ្រប់ទិសទី ដើម្បីប្រកាស់អំពីព្រះគ្រីស្ទ។—Patricia Raybon