ការពន្យាពេលនៃការផ្ញើសំបុត្រ ដែលយូរបំផុត ក្នុងប្រវត្តិសាស្រ្ត គឺមានរយៈពេល៨៩ឆ្នាំ។ កាលពីឆ្នំា២០០៨ ម្ចាស់ផ្ទះម្នាក់ នៅចក្រភពអង់គ្លេស បានទទួលការអញ្ជើញ ឲ្យចូលរួមកម្មវិធីជប់លៀងមួយ ដែលគេបានផ្ញើលិខិតអញ្ជើញនេះ តាំងពីឆ្នំា១៩១៩ មកម្ចាស់ផ្ទះមុន តាមអាស័យដ្ឋានរបស់គាត់។ គេបានយកលិខិតអញ្ជើញនោះ មកដាក់ក្នុងប្រអប់សំបុត្រគាត់ តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់ប្រៃសណីយ៍ ប៉ុន្តែ មូលហេតុនៃការពន្យាពេលដ៏យូរនេះ នៅតែជាអាថ៌កំបាំង។
ជួនកាល សូម្បីតែការប្រឹងប្រែងដ៏ល្អបំផុតរបស់មនុស្ស នៅក្នុងការទំនាក់ទំនង ក៏អាចធ្វើឲ្យយើងខកចិត្តផងដែរ ប៉ុន្តែ ព្រះគម្ពីរបានចែងច្បាស់ថា ព្រះជាម្ចាស់មិនដែលខកខាន នៅក្នុងការស្តាប់រាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គឡើយ។ ក្នុងបទគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក ១៨ លោកអេលីយ៉ាបានបង្ហាញយ៉ាងច្បាស់ អំពីភាពខុសគ្នា រវាងព្រះបាលរបស់សាសន៍ដទៃ និងព្រះយេហូវ៉ា។ នៅក្នុងការប្រឈមមុខដាក់គ្នា ដើម្បីបង្ហាញថា ព្រះអង្គមួយណា ជាព្រះពិត ហោរារបស់ព្រះបាលក៏បានបួងសួងអស់រាប់ម៉ោង បន្ទាប់មក លោកអេលីយ៉ាក៏បានចំអកឲ្យពួកគេថា “ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិតឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង”(ខ.២៧)។ លោកអេលីយ៉ាក៏បានអធិស្ឋាន ដល់ព្រះយេហូវ៉ា សូមព្រះអង្គឆ្លើយតប ដើម្បីឲ្យរាស្រ្តព្រះអង្គ ត្រឡប់មករកព្រះអង្គ ដោយជំនឿវិញ។ ពួកគេក៏បានឃើញការអស្ចារ្យ ដែលព្រះអង្គបានបង្ហាញចេញមក។
ជាញឹកញាប់ ការអធិស្ឋានរបស់យើងមិនបានទទួលការឆ្លើយតបភ្លាមៗ ដូចលោកអេលីយ៉ាទេ តែយើងអាចមានទំនុកចិត្តថា ព្រះអង្គតែងតែស្តាប់ការអធិស្ឋានរបស់យើង(ទំនុកដំកើង ៣៤:១៧)។ ព្រះគម្ពីរបានរំឭកយើងថា ការអធិស្ឋានរបស់យើងមានតម្លៃ ចំពោះព្រះអង្គណាស់ បានជាព្រះអង្គដាក់សេចក្តីអធិស្ឋានរបស់យើង នៅចំពោះព្រះអង្គ ក្នុង “ពានមាស” ដូចគ្រឿងក្រអូប(វិវរណៈ ៥:៨)។ ព្រះទ្រង់នឹងឆ្លើយតបការអធិស្ឋាន តាមពេលវេលា ប្រាជ្ញា និងរបៀបដ៏ឥតខ្ចោះរបស់ព្រះអង្គ។ គ្មានសេចក្តីអធិស្ឋានណា ដែលព្រះអង្គស្តាប់មិនឮនោះឡើយ។-James Banks