នៅទីក្រុងផុតធាក រដ្ឋមីឈឺហ្គិន មានក្រុមហ៊ុនវាយកំទេចផ្ទះមួយ បានយកគ្រឿងចក្រទៅវាយកំទេចផ្ទះមួយខ្នង ដោយការយល់ច្រឡំ។ អ្នកស្រាវជ្រាវជឿថា ម្ចាស់ផ្ទះដែលគេគ្រោងនឹងវាយកំទេចនោះ បានយកផ្លាកលេខផ្ទះគាត់ ទៅដំដែកគោលភ្ជាប់នឹងផ្ទះរបស់អ្នកជិតខាង ដើម្បីជៀសវាងកុំឲ្យគេវាយបំផ្លាញផ្ទះគាត់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះយេស៊ូវ។ ព្រះអង្គបានធ្វើផ្ទុយពីម្ចាស់ផ្ទះនោះ។ ព្រះអង្គបានយាងមកបំពេញបេសកកម្មរបស់ព្រះអង្គ ដោយអនុញ្ញាតឲ្យគេ “បំផ្លាញដំណាក់(ឬផ្ទះ)របស់ព្រះអង្គ” ដើម្បីជួយសង្រ្គោះជីវិតអ្នកដទៃ។ នៅសម័យនោះ គេម្នាក់ៗ បូករួមទាំងពួកសាវ័កផង មានការភ័ន្តភាំងណាស់ ហើយពួកគេប្រហែលជាមើលមុខគ្នាទៅវិញទៅមក ពេលដែលព្រះអង្គមានបន្ទូលតបទៅពួកអ្នកដឹកនាំសាសនាថា “ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ”(យ៉ូហាន ២:១៩)។ ពួកអ្នកដឹកនាំសាសនាទាំងនោះ ក៏បានតបវិញភ្លាមថា “គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ?”(ខ.២១)។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា ព្រះអង្គកំពុងតែមានបន្ទូលសំដៅទៅលើព្រះវិហារ ដែលជាព្រះកាយព្រះអង្គ(ខ.២១) តែពួកគេមិនយល់ទេ។
ពួកគេមិនដឹងថា ព្រះអង្គបានយាងមក ដើម្បីទទួលគ្រប់ទាំងអំពើបាបរបស់យើងរាល់គ្នា ផ្ទុកនៅលើអង្គទ្រង់។ ព្រះអង្គបានប្រោសលោះយើងហើយ។
ព្រះជាម្ចាស់តែងតែស្គាល់ចិត្តយើង ច្បាស់ជាងយើងស្គាល់ចិត្តខ្លួនឯង។ ដូចនេះ ព្រះអង្គមិនបើកបង្ហាញផែនការរបស់ព្រះអង្គមួយរយភាគរយតែម្តង ដល់អ្នកដែលបានឃើញការអស្ចារ្យ ហើយជឿព្រះអង្គនោះទេ(ខ.២៣-២៥)។ រហូតមកដល់ពេលសព្វថ្ងៃនេះ ព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីល្អរបស់ព្រះអង្គបន្តិចម្តងៗ ក្នុងព្រះបន្ទូលព្រះយេស៊ូវ។-Mart DeHaan