ពេល​ដែល​គ្រួសារ​ខ្ញុំ​ទិញ​ផ្ទះ យើង​ក៏​ទទួល​បាន​នូវ​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ល្អ​មួយ​ដើម​ផង​ដែរ។ ដោយ​សារ​យើង​ទើប​តែ​រៀន​ដាំ​ដើម​ទំពាំងបាយជូរ នោះ​យើង​បាន​ចំណាយ​ពេល​ច្រើន ដើម្បី​រៀន​លួស​មែក ស្រោច​ទឹក និង​ថែ​ទាំ​វា។ ពេល​ដែល​ផ្លែ​វា​ទុំ ខ្ញុំ​ក៏​បាន​បេះ​ផ្លែ​វា​មួយ​ផ្លែ ដាក់​ចូល​ក្នុង​មាត់ ហើយ​ក៏​មាន​ការ​ខក​ចិត្ត ចំពោះ​រស់​ជាតិ​ជូរ​របស់​វា។

ខ្ញុំ​ក៏​មាន​អារម្មណ៍​នឿយ​ណាយ នៅ​ក្នុង​ការ​ថែទាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ យ៉ាង​លំបាក​លំបិន ដែល​មិន​បាន​ទទួល​ផល​ល្អ ហើយ​ក៏​បាន​នឹក​ចាំ អំពី​បទ​គម្ពីរ​អេសាយ ជំពូក​៥ ដែល​និយាយ​ប្រៀប​ប្រដូច អំពី​ទំនាក់​ទំនង​របស់​ព្រះ ជា​មួយ​នឹង​ប្រជាជន​អ៊ីស្រាអែល។ គេ​បាន​ប្រៀប​ប្រដូច​ព្រះ​អង្គ ទៅ​នឹង​កសិករ​ម្នាក់ ដែល​បាន​កាប់​ឆ្កា​ព្រៃ​នៅ​ជើង​ភ្នំ ដើម្បី​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ល្អ​ៗ ហើយ​ក៏​បាន​សង់​ប៉ម​យាម​ចំការ ព្រម​ទាំង​បាន​ធ្វើ​ឧបករណ៍​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក ​ដើម្បី​អរសប្បាយ​នឹង​ភោគ​ផល​របស់​ខ្លួន​(អេសាយ ៥:១-២)។

កសិករ​នោះ​មាន​ការ​សោក​ស្តាយ ពេល​ដែល​ចំការ​ទំពាំង​បាយ​ជូរ ​ជា​តំណាង​ឲ្យ​រាស្រ្ត​អ៊ីស្រាអែល បាន​ផ្តល់​ឲ្យ​នូវ​ផល​ផ្លែទំពាំង​បាយ​ជូរ មាន​រស់​ជាតិ​ជូរ ដែល​ជា​ភាព​អាត្មា​និយម អយុត្តិធម៌ និង​ការ​គាប​សង្កត់​(ខ.៧)។ ទី​បំផុត​ ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​នឹង​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ជួយ​សង្រ្គោះ​ដើម​ទំពាំង​បាយ​ជូរ​ដែល​នៅ​សេស​សល់ ដើម្បី​ឲ្យ​ពួក​វា​អាច​បង្កើត​ផល​ផ្លែ​ល្អ នៅ​ពេល​ក្រោយ។​

ក្នុង​ដំណឹង​ល្អ​យ៉ូហាន ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ជា​គល់​ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។ ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​អ្នក​ជឿ​ព្រះ​អង្គ ជា​ខ្នែង​ទំពាំង​បាយ​ជូរ ដែល​ត្រូវ​នៅ​ជាប់​នឹង​ព្រះអង្គ ដែល​ជា​ដើម។ ដូច​នេះ កាល​ណា​យើង​នៅ​ជាប់​នឹង​ព្រះ​អង្គ តាម​រយៈ​ការ​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន នោះ​យើង​អាច​ទទួល​ជីវ​ជាតិ​ខាង​វិញ្ញាណ​ដោយ​ផ្ទាល់​ពី​ព្រះ​អង្គ ដើម្បី​បង្កើត​ផល​ផ្លែ​ដ៏​ផ្អែម​ឆ្ងាញ់​បំផុត គឺ​សេចក្តី​ស្រឡាញ់​។​-Lisa M. Samra