កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ ឲ្យ​ចែក​ចាយ​ព្រះ​បន្ទូល ក្នុង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ប្រុស​ៗ នៅ​សកល​វិទ្យា​ល័យ​មួយ។ ខ្ញុំ​ឮ​ល្បី​ថា ពួក​គេ​ចូល​ចិត្ត​ឡូឡា គ្មាន​របៀប​រៀប​រយ ដូច​នេះ ខ្ញុំ​ក៏​បាន​នាំ​មិត្ត​ភក្តិ​ម្នាក់​ទៅ​ជា​មួយ​ខ្ញុំ គ្រាន់​បាន​ជាគ្នា។ ពួក​គេ​កំពុង​តែ​អបអរ​ជ័យ​ជម្នះ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​បាល់​ទាត់។ ក្នុង​ការ​ញាំ​អាហារ​ពេល​ល្ងាច ភាព​រញេរញ៉ៃ​ក៏​បានកើត​មាន! ទីបំផុត ប្រធាន​នៃ​កន្លែង​ស្នាក់​នៅ​នោះ​ក៏​បាន​ប្រកាស់​ថា “មាន​បុរស​ពីរ​នាក់​បាន​មក​ទីនេះ ដើម្បី​ជជែក​គ្នា​អំពី​ព្រះ”។

ខ្ញុំ​ក៏បាន​ក្រោក​ឈរ ហើយ​ក៏​បាន​ចាប់​ផ្តើម​ចែក​ចាយ​ដល់​ពួក​គេ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​បន្ទប់​ទាំង​មូល​ក៏​មាន​ភាព​ស្ងាត់​ស្ងៀម។ ពួក​គេ​បាន​ស្តាប់​ខ្ញុំ​និយាយ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​។ បន្ទាប់​មក យើងក៏​មាន​កម្ម​វិធី​សំណួរ​ចម្លើយ។ ក្រោយ​មក​ទៀត យើង​ក៏​បាន​ចាប់​ផ្តើម​ការ​សិក្សា​ព្រះ​គម្ពីរ នៅ​ទីនោះ ហើយ​ប៉ុន្មាន​ឆ្នាំ​ជា​បន្ត​បន្ទាប់​មក​ទៀត មាន​មនុស្ស​ជាច្រើន​នាក់​បាន​ទទួល​សេចក្តី​សង្រ្គោះ នៃ​ព្រះ​យេស៊ូវ។

ខ្ញុំ​នឹក​ឃើញ​ថ្ងៃ​ដ៏​មាន​អំណរ​ដូច​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច “បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ”(លូកា ១០:១៨) ប៉ុន្តែ នៅ​ថ្ងៃ​ផ្សេង​ទៀត ខ្ញុំ​បាន​ឱន​ក្រាប​នៅ​លើ​ដី។​ ​

បទ​គម្ពីរ​លូកា ជំពូក១០ បាន​ចែង​អំពី​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ដែល​បាន​វិល​ត្រឡប់​មក​រាយ​ការណ៍​ថ្វាយ​ព្រះ​អង្គ អំពី​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រ​ចង់។ ពួក​គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ចូល​ក្នុង​នគរ​ព្រះ ពួក​វិញ្ញាណ​អាក្រក់​បាន​រត់​ខ្ចាត់​ខ្ចាយ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ពី​ជំងឺ។​ ពួក​សាវ័ក​មាន​មោទនៈ​ភាព​ណាស់។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ថា ព្រះ​អង្គ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ ដូច​ផ្លេក​បន្ទោរ តែ​ព្រះ​អង្គ​ក៏​បាន​ដាស់​តឿន​ថា “​កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថានសួគ៌​វិញ”(ខ.២០)។

យើង​ត្រេក​អរ​នឹង​ជោគ​ជ័យ​របស់​យើង។ ប៉ុន្តែ យើង​ប្រហែល​ជា​មាន​ការ​បាក់​ទឹក​ចិត្ត ពេល​ដែល​យើង​ហាក់​ដូច​ជា​បរាជ័យ។ ចូរ​យើង​បន្ត​ធ្វើ​អ្វី​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ធ្វើ ហើយ​ថ្វាយ​លទ្ធ​ផល​ដល់​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​កត់​ទុក​ឈ្មោះ​របស់យើង ដែល​ជា​អ្នក​ជឿ ក្នុង​សៀវភៅ​របស់​ព្រះ​អង្គ​ហើយ!-David H. Roper