មានពេលមួយ ស្រ្តីម្នាក់បានរអ៊ូរទាំដាក់លោកគ្រូគង្វាលរបស់នាងថា នាងបានសង្កេតឃើញថា គាត់បានអធិប្បាយព្រះបន្ទូល ក្រោមប្រធានបទដដែលៗ។ នាងក៏បានសួរគាត់ថា “ហេតុអ្វីលោកគ្រូអធិប្បាយព្រះបន្ទូលដដែលៗ”។ លោកគ្រូគង្វាលក៏បានឆ្លើយថា “មូលហេតុ គឺដោយសារមនុស្សភ្លេចច្រើន”។
យើងភ្លេច ដោយសារមូលហេតុជាច្រើន ដូចជា ពេលវេលាចេះតែកន្លងផុតទៅ យើងមានវ័យកាន់តែចាស់ ឬយើងមានការជាប់រវល់ពេក។ យើងភ្លេចលេខសម្ងាត់ ឈ្មោះមនុស្ស ឬថែមទំាងភ្លេចកន្លែងដែលយើងចតឡាន ឬម៉ូតូរបស់យើង។ ស្វាមីខ្ញុំបាននិយាយថា ខួរក្បាលគាត់មិនអាចដាក់បានច្រើនទេ។ គាត់ត្រូវតែលប់ការចងចាំខ្លះចោល មុននឹងគាត់អាចចងចាំអ្វីដែលថ្មី។
លោកគ្រូគង្វាលរូបនោះនិយាយត្រូវណាស់។ មនុស្សភ្លេចច្រើន។ ហេតុនេះហើយ ជាញឹកញាប់ យើងត្រូវការអ្នកជួយក្រើនរំឭកយើង ឲ្យនឹកចាំ អំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង។ ពួកអ៊ីស្រាអែលក៏ឧស្សាហ៍ភ្លេចផងដែរ។ ពួកគេបានឃើញការអស្ចារ្យជាច្រើនកើតឡើង តែពួកគេនៅតែត្រូវការឲ្យគេរំឭកថា ព្រះទ្រង់បានយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៨ ព្រះអង្គបានអនុញ្ញាតឲ្យពួកគេជួបភាពអត់ឃ្លាននៅវាលរហោស្ថាន ប៉ុន្តែ បន្ទាប់មក ព្រះអង្គក៏បានប្រទានអាហារដ៏អស្ចារ្យ ជាប្រចាំថ្ងៃ គឺនំម៉ាណា។ ព្រះអង្គក៏បានប្រទានសម្លៀកបំពាក់ ដែលមិនចេះសឹករហែក។ ព្រះអង្គបាននាំពួកគេឆ្លងកាត់វាលរហោស្ថាន ដែលមានសត្វពស់ និងខ្យាដំរី ហើយបានប្រទានទឹក ចេញពីថ្មដា។
ពួកគេក៏បានរៀនបន្ទាបខ្លួន ពេលដែលពួកគេដឹងថា ពួកគេត្រូវពឹងផ្អែកទាំងស្រុង ទៅលើការថែរក្សា និងផ្គត់ផ្គង់របស់ព្រះ(ខ.២0៤,១៥-១៨)។
ភាពស្មោះត្រង់របស់ព្រះ នៅតែបន្តគ្រប់ជំនាន់(ទំនុកដំកើង ១០០:៥)។ ពេលណាយើងដឹងថា យើងឧស្សាហ៍ភ្លេច នោះយើងអាចគិត អំពីរបៀបដែលព្រះអង្គឆ្លើយតបការអធិស្ឋានរបស់យើង ដែលធ្វើឲ្យយើងនឹកចាំ អំពីសេចក្តីល្អ និងព្រះបន្ទូលសន្យាដ៏ស្មោះត្រង់របស់ព្រះអង្គ។-Cindy Hess Kasper