ក្នុងនាមជាអ្នកដឹកនាំយុវជន ខ្ញុំបានរៀបចំការធ្វើដំណើររបស់សិស្ស ទៅធ្វើកម្មសិក្សា នៅទីលានឆ្លងកាត់ឧបសគ្គ។ យើងបានណែនាំសិស្សទាំងឡាយឲ្យពាក់គ្រឿងសុវត្ថិភាព ដើម្បីឡើងជញ្ជាំងដែលមានកម្ពស់ជិត៣ម៉ែត្រ។ អ្នកដែលបានឡើងមុនគេ ក៏បានលើកទឹកចិត្តអ្នកឡើងក្រោយៗ ឲ្យទុកចិត្តលើខ្សែពួរសុវត្ថិភាព ហើយបន្តឡើងទៅលើទៀត ដោយមិនមើលក្រោម។ ក្នុងចំណោមសិស្សរបស់យើង មានសិស្សម្នាក់បានសម្លឹងមើលជញ្ជាំងដែលជាឧបស័គ្គនោះ ខណៈពេលដែលយើងបំពាក់ខ្សែក្រវ៉ាត់ជុំវិញចង្កេះរបស់គាត់។ នាងក៏បាននិយាយថា នាងមិនអាចឡើងជញ្ជាំងនោះបានទេ។ យើងក៏បានបញ្ជាក់ថា ខ្សែពួរនោះរឹងមាំណាស់ ហើយក៏បានលើកទឹកចិត្តនាង និងស្រែកអបអរ ពេលដែលនាងឡើងជញ្ជំាង ហើយបោះជំហានឡើងទៅដល់កំពូលខាងលើ។
ពេលណាយើងប្រឈមមុខដាក់បញ្ហា ដែលហាក់ដូចជាមិនអាចជម្នះ ការភ័យខ្លាច និងការខ្វះជំនឿ អាចនាំឲ្យយើងមានការសង្ស័យ។ ប៉ុន្តែ ការធានា អំពីព្រះចេស្តា សេចក្តីល្អ និងសេចក្តីស្មោះត្រង់ ដែលមិនចេះប្រែប្រួលរបស់ព្រះ បង្កើតឲ្យមានទំនុកចិត្តដ៏រឹងមាំ។ ទំនុកចិត្តនេះក៏បានជំរុញពួកបរិសុទ្ធនៅគ្រាសញ្ញាចាស់ ឲ្យមានចិត្តក្លាហាន ដោយបង្ហាញថា ការមានជំនឿ នោះគឺប្រសើរជាងការត្រូវការដឹងផែនការលម្អិតរបស់ព្រះ(ហេព្រើរ ១១:១-១៣,៣៩)។ យើងអាចផ្លាស់ប្តូររបៀបដែលយើងប្រឈមមុខដាក់បញ្ហារបស់យើង ដោយផ្លាស់ប្តូរទស្សនៈដែលយើងមាន ចំពោះកាលៈទេសៈរបស់យើង ឲ្យស្របតាមបំណងព្រះទ័យព្រះ ដោយដឹងថាបញ្ហារបស់យើង មិនស្ថិតស្ថេរឡើយ(ខ.១៣-១៦)។
ការផ្តោតទៅលើផ្លូវដ៏ពិបាក និងចោទ ក្នុងជីវិតយើង អាចរារាំងមិនឲ្យយើងជឿថា ព្រះនឹងនាំយើងឆ្លងកាត់ដោយជោគជ័យ។ ប៉ុន្តែ ពេលណាយើងដឹងថា ព្រះអង្គគង់នៅជាមួយយើង យើងអាចជម្នះភាពមិនច្បាស់លាស់របស់យើង ដោយជំនឿ ខណៈពេលដែលយើងទុកចិត្តថា ព្រះអង្គនឹងជួយយើងជម្នះឧបស័គ្គ ដែលកាលពីមុន យើងគិតថា វាហាក់ដូចជាមិនអាចឆ្លងកាត់បាន។-Xochitl Dixon