ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​យុវ​ជន ខ្ញុំ​បាន​រៀប​ចំ​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​ ទៅ​ធ្វើ​កម្ម​សិក្សា នៅ​ទីលាន​ឆ្លង​កាត់​ឧបសគ្គ។ យើងបាន​ណែនាំ​សិស្ស​ទាំង​ឡាយ​ឲ្យ​ពាក់​គ្រឿង​សុវត្ថិភាព ដើម្បី​ឡើង​ជញ្ជាំង​ដែល​មាន​កម្ពស់​ជិត​៣​ម៉ែត្រ។ អ្នក​ដែល​បាន​ឡើងមុន​គេ ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ឡើង​ក្រោយ​ៗ ឲ្យ​ទុក​ចិត្ត​លើ​ខ្សែ​ពួរ​សុវត្ថិ​ភាព ហើយ​បន្ត​ឡើង​ទៅ​លើ​ទៀត ដោយ​មិន​មើលក្រោម។ ក្នុង​ចំណោម​សិស្ស​របស់​យើង មាន​សិស្ស​ម្នាក់​បាន​សម្លឹង​មើល​ជញ្ជាំង​ដែល​ជា​ឧបស័គ្គ​នោះ ខណៈ​ពេល​ដែល​យើងបំពាក់​ខ្សែ​ក្រវ៉ាត់​ជុំវិញ​ចង្កេះ​របស់​គាត់។ នាង​ក៏​បាន​និយាយ​ថា នាង​មិន​អាច​ឡើង​ជញ្ជាំង​នោះ​បាន​ទេ។ យើង​ក៏​បាន​បញ្ជាក់ថា ខ្សែ​ពួរ​នោះ​រឹង​មាំ​ណាស់ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​នាង និង​ស្រែក​អប​អរ​ ​ ពេល​ដែល​នាង​ឡើង​ជញ្ជំាង ហើយ​បោះ​ជំហានឡើង​ទៅ​ដល់​កំពូល​ខាង​លើ។

ពេល​ណា​យើង​ប្រឈម​មុខ​ដាក់​បញ្ហា ដែល​ហាក់​ដូច​ជា​មិន​អាច​ជម្នះ ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ជំនឿ ​អាច​នាំ​ឲ្យ​យើង​មាន​ការសង្ស័យ។ ប៉ុន្តែ ការធានា អំពី​ព្រះ​ចេស្តា សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ បង្កើត​ឲ្យ​មាន​ទំនុកចិត្ត​ដ៏​រឹង​មាំ។ ទំនុក​ចិត្ត​នេះ​ក៏​បាន​ជំរុញ​ពួក​បរិសុទ្ធ​នៅ​គ្រា​សញ្ញា​ចាស់ ឲ្យ​មាន​ចិត្ត​ក្លាហាន ដោយ​បង្ហាញ​ថា ការ​មាន​ជំនឿ នោះគឺ​ប្រសើរ​ជាង​ការ​ត្រូវ​ការ​ដឹង​ផែន​ការ​លម្អិត​របស់​ព្រះ​(ហេព្រើរ ១១:១-១៣,៣៩)។ យើង​អាច​ផ្លាស់​ប្តូរ​របៀប​ដែល​យើងប្រឈម​មុខ​ដាក់​បញ្ហា​របស់​យើង ដោយ​ផ្លាស់​ប្តូរ​ទស្សនៈ​ដែល​យើង​មាន ចំពោះ​កាលៈ​ទេសៈ​របស់​យើង ឲ្យ​ស្រប​តាម​បំណងព្រះ​ទ័យ​ព្រះ ដោយ​ដឹង​ថា​បញ្ហា​របស់​យើង មិន​ស្ថិត​ស្ថេរ​ឡើយ​(ខ.១៣-១៦)។

ការ​ផ្តោត​ទៅ​លើ​ផ្លូវ​ដ៏​ពិបាក និង​ចោទ ក្នុង​ជីវិត​យើង អាច​រារាំង​មិន​ឲ្យ​យើង​ជឿថា​ ព្រះ​នឹង​នាំ​យើង​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ។ ប៉ុន្តែ ពេល​ណា​យើង​ដឹង​ថា ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង យើង​អាច​ជម្នះ​ភាព​មិន​ច្បាស់​លាស់​របស់​យើង ដោយ​ជំនឿ ខណៈពេល​ដែល​យើង​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​យើង​ជម្នះ​ឧប​ស័គ្គ ដែល​កាល​ពី​មុន យើង​គិត​ថា វា​ហាក់​ដូច​ជា​មិន​អាច​ឆ្លង​កាត់​បាន​។​-Xochitl Dixon