ហ្គេប(Gabe)​គឺ​ជា​សិស្ស​ដែល​ជិត​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ គាត់​បាន​ភាស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​គាត់ យ៉ាង​វក់​វី ក្នុង​អំឡុង​ពេលភ្លើង​ឆេះ​ព្រៃ នៅ​ឆ្នាំ ២០១៨ ជា​ហេតុ​បណ្តាល​ឲ្យ​គាត់ ខក​ខាន​មិន​បាន​ចូល​រួម​ការ​រត់​ប្រណាំង ក្នុង​ទី​ជន​បទ ក្នុង​រដ្ឋ​របស់​គាត់់ ដែល​គាត់​បាន​ហ្វឹក​ហាត់​ជា​យូរ​ឆ្នំា ដើម្បី​ចូល​ប្រកួត។ ដោយ​សារ​ការ​ខក​ខាន​នេះ គាត់​មិន​មាន​ឱកាស​ចូល​រួម​ការ​ប្រកួត​ប្រចាំរដ្ឋ ដែល​ជា​ព្រឹត្តិ​ការណ៍​សំខាន់​បំផុត នៅ​ក្នុង​អាជីព​ជា​កីឡាករ​រត់​ប្រណាំង ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ។ ដោយឃើញ​ស្ថាន​ភាព​គាត់​ដូច​នេះ ក្រុម​ប្រឹក្សា​កីឡាករ​ប្រចំា​រដ្ឋ ក៏​ផ្តល់​ឱកាស​ទីពីរ​ដល់​គាត់ ដែល​ក្នុង​នោះ គាត់​ត្រូវ​រត់​ក្នុង​ថេរវេលា ដែល​គេ​បាន​កំណត់ នៅ​លើ​កំណាត់​ផ្លូវ​រត់​ប្រណាំង​របស់​សាលា​ដែល​ជា​គូ​ប្រកួត ដោយ​ពាក់​ស្បែក​ជើង “សម្រាប់​ដើរ” ព្រោះស្បែក​ជើង​សម្រាប់​រត់​របស់​គាត់ ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ នៅ​ក្នុង​ផ្ទះ​របស់​គាត់​។​

ពេល​ដែល​គាត់​បង្ហាញ​ខ្លួន នៅ​ក្នុង​ការ​ប្រកួត គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​គូ​ប្រកួត​របស់​គាត់ ដែល​បាន​ឲ្យ​គាត់​ខ្ចី​ស្បែក​ជើងកីឡា​ពាក់ ហើយ​ក៏​បាន​រត់​ទន្ទឹម​គាត់ ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​អាច​រត់​បាន​ក្នុង​ថេរវេលា ដែល​រដ្ឋ​បាន​តម្រូវ។​

គូ​ប្រកួត​របស់​គាត់ គ្មាន​កាតព្វ​កិច្ច​អ្វី​ត្រូវ​ជួយ​គាត់​នោះ​ទេ។ តាម​ធម្មតា មនុស្ស​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន តាម​និស្ស័យ​សាច់​ឈាម​របស់​ពួក​គេ​(កាឡាទី ៥:១៣) ដើម្បី​អាច​មាន​ឱកាស​ឈ្នះ​កាន់​តែ​ច្រើន។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ក្នុង​ជីវិត​យើង ដើម្បី​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ និង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស និង​សេចក្តី​ល្អ​(ខ.១៣,២២)។ ពេល​ណា​យើង​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ព្រះ​វិញ្ញាណ ជា​ជាង​ធ្វើ​តាម​សភាវគតិ​របស់​យើង នោះ​យើង​នឹង​កាន់​តែ​មាន​លទ្ធភាព​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។​-Kirsten Holmberg